ត្រឹម ២ ខែ យុវជនអ៊ុយក្រែនជិត ១០ ម៉ឺននាក់រត់ចោលស្រុក គេចវេសចូលធ្វើទ័ព
កៀវ ៖ គិតត្រឹម២ខែ យុវជនអ៊ុយក្រែនដល់ទៅជិត ១០០.០០០នាក់បានរត់ចោលស្រុកកំណើត ចាប់តាំងពីអ៊ុយក្រែនផ្តើមបន្ធូរបន្ថយការរឹតបន្តឹងចាកចេញពីប្រទេសកាលពីខែសីហា បន្ទាប់ពីបានដាក់ចេញសំដៅដោះស្រាយកង្វះកងទ័ពទៅច្បាំងនឹងរុស្ស៊ី និងការគេចវេសចូលបម្រើកងទ័ព។ នេះបើតាមសារព័ត៌មាន Politico Europe និង The Telegraph ចេញផ្សាយកាលពីថ្ងៃពុធ។
យោងតាមទិន្នន័យរបស់ឆ្មាំព្រំដែនប៉ូឡូញ បានឱ្យដឹងថា យុវជនអ៊ុយក្រែនមានអាយុចន្លោះពី១៨ទៅ២២ឆ្នាំដល់ទៅ ៩៨.៥០០នាក់បានលួចឆ្លងកាត់ព្រំដែនប្រទេសរបស់ខ្លួន នៅចន្លោះខែកញ្ញា និងខែតុលា ខណៈតួលេខនេះកើនឡើងច្រើនជាងទ្វេដង បើធៀបនឹងចន្លោះខែមករា និងចុងខែសីហា មានចំនួនត្រឹមតែ ៤៥.៣០០នាក់ប៉ុណ្ណោះ។
ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន RT, កន្លងមក រដ្ឋាភិបាលអ៊ុយក្រែនបានហាមឃាត់ពលរដ្ឋអាយុក្រោម ២៣ឆ្នាំ ដែលគ្រប់អាយុចូលបម្រើកងទ័ពចាកចេញពីប្រទេស ក្នុងអំឡុងពេលដាក់ច្បាប់អាជ្ញាសឹក ដោយសង្ឃឹមថា ឪពុកម្តាយនឹងមិនលួចបញ្ជូនកូនប្រុសមានវ័យជំទង់របស់ពួកគេចេញទៅក្រៅប្រទេស ប៉ុន្តែក៏អនុញ្ញាតឱ្យពួកគេវិលចូលប្រទេសកំណើតវិញដោយគ្មានទោសផងដែរ។
អាជ្ញាធរអ៊ុយក្រែនបានប្រឈមមុខនឹងកង្វះកម្លាំងយោធា ខណៈដែលកងទ័ពខ្លួនបន្តរងការខាតបង់យ៉ាងធ្ងន់ធ្ងរ រួមមានទាំងមនុស្ស និងទឹកដីជាច្រើនក្រោមថ្វីដៃកងទ័ពរុស្ស៊ី។ មេបញ្ជាការអ៊ុយក្រែននៅសមរភូមិជួរមុខ ក៏បានត្អូញត្អែរដែរថា ការខ្វះខាតកងទ័ពកំពុងធ្វើឱ្យទាហានរុស្ស៊ីមានប្រៀបខ្លាំងជាងអ៊ុយក្រែន។
គួរបញ្ជាក់ថា ច្បាប់អាជ្ញាសឹកដែលដាក់ចេញក្នុងគោលបំណងកែនកងទ័ពទៅច្បាំងនឹងកងកម្លាំងរុស្ស៊ីនេះ បង្កឲ្យមានការខឹងសម្បារ និងការតវ៉ាពីប្រជាជន ដោយសារវីដេអូបែកធ្លាយជាច្រើន បានបង្ហាញពីមន្ត្រីលួចឆ្មក់យុវជនគ្រប់អាយុចូលបម្រើកងទ័ពនៅតាមដងផ្លូវ និងវីដេអូខ្លះទៀតបង្ហាញពីការចាប់បង្ខំពួកគេចូលទៅក្នុងឡាន ដែលកំពុងល្បីពាសពេញបណ្ដាញសង្គម។
យោងតាមសេវាឆ្មាំព្រំដែនអ៊ុយក្រែនបានឱ្យដឹងថា យុវជនពេញវ័យប្រហែល ៥០នាក់បានលង់ទឹកស្លាប់ចាប់តាំងពីឆ្នាំ ២០២២ នៅពេលព្យាយាមហែលទឹកឆ្លងកាត់ទន្លេ Tisza ចូលទៅក្នុងទឹកដីប្រទេសរ៉ូម៉ានី ក្នុងបំណងគេចវេសមិនចូលបម្រើយោធា អំឡុងពេលប្រទេសជាតិកំពុងជាប់ដៃធ្វើសង្គ្រាមប្រឆាំងកងទ័ពរុស្ស៊ី៕
ប្រភព ៖ RT និង telegraph ប្រែសម្រួល ៖ ឈឹម ទីណា
