ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានដឹកនាំគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ សាធារណរដ្ឋកូរ៉េ
(ទីក្រុងសេអ៊ូល)៖ ថ្ងៃទី២០-២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល កម្ពុជា-កូរ៉េ នៃភ្នាក់ងារជាតិព័ត៌មានរបស់ក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់នូវចំណេះដឹងបន្ថែមស្តីពី ១) ច្បាប់ គោលនយោបាយ ក្របខណ្ឌអនុវត្តនានាដែលជាមូលដ្ឋានគ្រឹះសំខាន់ៗក្នុងការជំរុញការបើកចំហទិន្នន័យរដ្ឋាភិបាលកូរ៉េ ២) វិធីសាស្ត្រដែលគោលនយោបាយទិន្នន័យបើកចំហ អាចជំរុញនវានុវត្តន៍របស់ក្រុមហ៊ុនឯកជនអាចវិវត្តទៅមុខបានដោយទិន្នន័យនិងបញ្ញាសិប្បនិម្មិត និង ៣) កិច្ចសហការដើម្បីអភិវឌ្ឍសមត្ថភាពក្រុមការងារបច្ចេកទេសនិងភាពជាដៃគូរវាងវិស័យសាធារណៈនិងវិស័យឯកជន។

ឯកឧត្ដម និងគណៈប្រតិភូក៏បានជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំនៃភ្នាក់ងារជាតិព័ត៌មានរបស់ក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ មន្ត្រីជំនាញផ្នែកទិន្នន័យបើកចំហ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Chungbuk ទស្សនកិច្ចសិក្សានៅសាលរដ្ឋាភិបាលឌីជីថល និងមជ្ឈមណ្ឌលសន្តិសុខសាយប័រ និងជំនួបជាមួយក្រុមហ៊ុនឯកជនចំបងៗដែលបានទទួលអត្ថប្រយោជន៍ពីទិន្នន័យបើកចំហឬផ្តល់ដំណោះស្រាយបច្ចេកវិទ្យាជូនរដ្ឋាភិបាលកូរ៉េ ដូចជាក្រុមហ៊ុន Raon Secure, AllforLand, AIWORKX, LLSOLLU, DataStream៕
ដោយ ៖ ង៉ាន់ ទិត្យ


