សហគមន៍ជនជាតិដើមភាគតិចពូនង(ព្នង)ភូមិអណ្តូងក្រឡឹងបង្កើតគណៈកម្មាធិការប្រមូលទិញទឹកឃ្មុំព្រៃសម្រាប់ជួយសមាជិកសហគមន៍ដើម្បីលក់លើទីផ្សារ

(មណ្ឌលគិរី)៖ សហគមន៍ជនជាតិដើមភាគតិចពូនង(ព្នង)ជាច្រើនបាន ពឹងអាស្រ័យលើ ការប្រមូលអនុផលព្រៃឈើសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត។ហើយបើយោងតាមការស្រាវជ្រាវ បង្ហាញថា ស្ទើរតែ៤០ភាគរយ នៃប្រាក់ចំណូល របស់ពួកគាត់ ទទួលបានមកពីការប្រមូលទឹកឃ្មុំព្រៃ និងអនុផលព្រៃឈើផ្សេងៗទៀត ។

តាមរយៈមុខរបរប្រពៃណីពីបុរាណដូនតានេះដែរ ដើម្បីលើកស្ទួយដល់ជីវភាពសហគមន៍ឱ្យមាននិរន្តភាពនោះ សហគមន៍ ជនជាតិដើមភាគតិចពូនង(ព្នង)ភូមិអណ្តូងក្រឡឹង បានបង្កើតគណៈកម្មាធិការប្រមូលឃ្មុំព្រៃដើម្បីលក់លើទីផ្សារឡើងសម្រាប់ជួយដល់ប្រជាសហគមន៍រកទឹកឃ្មុំតាមទីធម្មជាតិ។

លោក ថន ថា ប្រធានគណៈកម្មាធិការ ក្រុម ប្រមូល ឃ្មុំព្រៃ នៅ សហគមន៍ ជនជាតិដើមភាគតិចពូនង(ព្នង)ភូមិអណ្តូងក្រឡឹង ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថាគណៈកម្មាធិការប្រមូល ទឹកឃ្មុំព្រៃរបស់សហគមន៍លោកគឺទើបតែកើតក្នុងឆ្នាំ២០២៥នេះទេ ហើយការបង្កើតគណៈកម្មាធិការនេះឡើងប្រយោជន៍ដើម្បីចងក្រងគ្នាក្នុងការប្រមូលទឹកឃ្មុំព្រៃសម្រាប់លក់លើទីផ្សារ។

គណៈកម្មាធិការនេះមានតួនាទីសំខាន់សម្រាប់ប្រមូលទឹកឃ្មុំរបស់បងប្អូនសហគមន៍យកទៅលក់ដែលផ្តល់ភាពងាយស្រួលក្នុងការរកចំណូល និងការរកទឹកឃ្មុំពីធម្មជាតិមានភាពស្ថិតស្ថេរ មិនជួបការលំបាកដូចមុននេះទៀត។សម្រាប់ទីផ្សារគឺខាងអង្គការសង្គមស៊ីវិលមួយចំនួនបានប្រមូលយកទៅលក់បន្ត ដែលផ្តល់ភាពលំនឹងសម្រាប់ការរកចំណូលដល់សហគមន៍។

តាមរយៈការពឹងអាស្រ័យលើអនុផលព្រៃឈើនេះដែរ លោក ថនថាន បានឱ្យដឹងថាគណៈកម្មាធិការប្រមូលទទិញទឹកឃ្មុំព្រៃនេះដែរមានគ្នាសរុប១៧ នាក់ដោយរួមថវិការគ្នាទិញទឹកឃ្មុំពីសមាជិកសហគមន៍ក្នុងនេះបានទិញពីសមាជិកក្នុងមួយលីត្រ ៥ម៉ឺនរៀល ដើម្បីលក់លើទីផ្សារបន្តទៀត។

លោក ថន ថា បានប្រាប់បន្ថែមថាសមាជិកទាំងអស់ដែលរកឃ្មុំព្រៃកំណត់ឱ្យយកប្រមាណ៨០ភាគរយនៅសល់២០ភាគរយទៀតដើម្បីឱ្យឃ្មុំអាចបន្តពូជតាមធម្មជាតិរបស់ពួកវា។សម្រាប់ការរកឃ្មុំនៅដែរសហគមន៍របស់លោកឱ្យយក តែចំនួនប្រមាណ៣ទៅ៤ ខែប៉ុណ្ណោះពោលគឺរកចាប់ពី ខែកុម្ភៈដល់ខែឧសភាគឺត្រូវបានបញ្ចប់ហើយ។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តី អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ក្នុងពេលដឹកនាំពិធីផ្សព្វផ្សាយ ស្តីពី«ការបណ្តុះគំនិតស្អាត និងបៃតង នៅតាមសហគមន៍ មូលដ្ឋាន» ក្នុងខេត្តមណ្ឌលគិរី នាចុងខែតុលានេះឱ្យដឹងថា៖ តំបន់ការពារធម្ជជាតិរបស់កម្ពុជាបច្ចុប្បន្នសរុបមានចំនួន ១៩៣សហគមន៍ ហើយក្នុងចំណោមនេះមានជាង៥០សហគមន៍កំពុងមានសក្តានុពលលំហែបៃតងដែលចាំបាច់ត្រូវអភិវឌ្ឍន៍ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍របស់ពួកគាត់។ក្នុងចំណោមនេះពួកគាត់ចេះដាំបន្លែ ចេះផលិតសម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍។ក្នុងនេះដូចជាសហគមន៍ទាំង៨នៅក្នុងខេត្តមណ្ឌលគិរី គាត់ចេះកែច្នៃផលិតរបស់ប្រើប្រាស់ពីឬស្សី ដែលជាការច្នៃអនុផលព្រៃឈើការរកទឹកឃ្មុំព្រៃធម្មជាតិ សម្រាប់រកចំណូលបន្ថែមក្នុងក្រុមគ្រួសារ។នេះហើយគឺជាការអនុវត្តគោលដៅលំហែបៃតងរបស់រាជរដ្ឋាភិបាលកម្ពុជា”។

មន្រ្តី អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថាការចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលពឹងអាស្រ័យតែទៅលើអនុផលធម្មជាតិ និងចូលព្រៃកាប់ឈើ បរបាញ់សត្វនោះ នៅក្នុងការងារអាទិភាពរបស់ក្រសួង កត្តាជីវភាពសហគមន៍ គឺចំណុចស្នូលនៃយុទ្ធសាស្ត្រចក្រា។

គួរបញ្ជាក់ថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និងមុខរបរថ្មី ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំបង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ថែមទៀត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner