ជប៉ុនបញ្ចេញរថភ្លើងថ្មីរត់បាន ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង

តូក្យូ ៖ ប្រទេសជប៉ុនបានបញ្ចេញរថភ្លើងល្បឿនលឿនថ្មីប្រភេទ Magnetic Levitation ឬ Maglev ដែលមានសមត្ថភាពរត់បានចម្ងាយជិត ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីតភ្ជាប់ទីក្រុងTokyo និងទីក្រុងNagoya។ បើតាមការបញ្ជាក់របស់មន្រ្តីផ្លូវដែកជប៉ុនកាលពីពេលថ្មីៗនេះ។

ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា Magnetic Levitation រថភ្លើងល្បឿនលឿនថ្មីនេះ អាចរត់លើផ្លូវដែកយ៉ាងរលូន និងមានសំឡេងស្ងាត់ជាងមុន ពិសេសល្បឿនដ៏លឿនរបស់វាអាចជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងTokyo និងទីក្រុងNagoya ច្រើនជាងមួយម៉ោង បើធៀបនឹងរថភ្លើងល្បឿនលឿនបច្ចុប្បន្ន។

ចំណុចសំខាន់មួយទៀតរបស់រថភ្លើងល្បឿនលឿនថ្មីនេះ គឺកៅអីអង្គុយរបស់វា មិនអាចបត់បានទេ ឬ (non-reclining seats)។ ការរចនាកៅអីនេះ គឺមានគោលបំណងពង្រីកទំហំទីតាំងដាក់ជើង ឬអីវ៉ាន់ ពិសេសផ្តល់បទពិសោធន៍ងាយស្រួលសម្រាប់អ្នកដំណើរ ខណៈការចំណាយពេលធ្វើដំណើរអាចប្រហែល ៤០នាទី។

ក្រៅពីកៅអីច្នៃប្រឌិត រថភ្លើង Maglev ថ្មីនេះក៏មានផ្ទៃក្នុងធំទូលាយ ទំនើបទាន់សម័យ និងមានសំឡេងស្ងាត់ល្អ ដែលផ្តល់ឲ្យអ្នកដំណើរមិនមានអារម្មណ៍រំខាន និងរក្សាភាពស្ងប់ស្ងាត់ជាងមុន។

បើតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times, អ្នកជំនាញរំពឹងថា រថភ្លើងថ្មីនេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងTokyo និងទីក្រុងNagoya ព្រមទាំងផ្តល់បទពិសោធន៍ការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនប្រកបដោយសុវត្ថិភាព និងងាយស្រួលសម្រាប់ប្រជាជន។

រថភ្លើងល្បឿនលឿនថ្មី Maglev នេះទៀតសោត គឺជាផ្នែកមួយនៃផែនការប្រកបដោយមហិច្ឆិតារបស់ប្រទេសជប៉ុន ក្នុងការកែលម្អប្រព័ន្ធដឹកជញ្ជូន និងតភ្ជាប់ទីក្រុងធំៗជាមួយគ្នា៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner