រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួនបី នៅខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិក នៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ ខេត្តបាត់ដំបង ត្រៀមចាប់ផ្ដើមផលិតកម្មស្រូវស្រងែតាមកិច្ចសន្យាក្នុងតម្លៃ ៩៥០៛ ក្នុងមួយគីឡូក្រាម។

ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តដល់ពុកម៉ែបងប្អូនមិនទាន់ចូលជាសហគមន៍កសិកម្មទំនើប ពិចារណាចូលរួមចងក្រងដើម្បីធ្វើការស្ដារមកវិញ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការធានាទីផ្សារតម្លៃសមរម្យតាមការចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការទទួលគុណកម្ចីការប្រាក់ទាប និងការផ្ដល់ជំនួយបច្ចេកទេស ។

តមក ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពនៅស្រុកឯកភ្នំ ដែលចាប់ផ្ដើមផលិតកម្មស្រូវស្រងែស្រាល តាមការចុះកិច្ចសន្យាទុកមុន និងកំពុងត្រៀមខ្លួនដើម្បីធ្វើពិពិធកម្មមួយផ្នែកទៅរកការធ្វើដំណាំបន្លែផ្ទះសំណាញ់ ដើម្បីបង្កើនចំណូលឱ្យមានភាពចម្រុះជូនសមាជិកសហគមន៍។
ក្នុងថ្ងៃដដែលពេលរសៀល ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។

គួរបញ្ជាក់ថា គោលដៅសហគមន៍ចុងក្រោយនៃដំណើរបេសកកម្មថ្ងៃនេះ គឺក្នុងចំណោមសហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន៥ ដែលក្រសួងបានប្រឹងប្រែងជ្រោមជ្រែងចងក្រងនៅខេត្តបាត់ដំបង ហើយក្នុងចំណោមសហគមន៍ចំនួន៦ ដែលបានចុះកិច្ចសន្យាផលិតកម្មស្រូវស្រងែស្រាលជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ក្នុងតម្លៃ ៩៥០៛ ក្នុង ១គីឡូក្រាម លើផ្ទៃដីដាំដុះជិត ៦៥០០ហិកតា ។

ក្រសួងកសិកម្ម នឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើបដើម្បីសម្រួលឱ្យពុកម៉ែបងប្អូនប្រជាកសិករធ្វើការស្ដារមកវិញ ហើយទទួលអត្ថប្រយោជន៍នៃការធានាទីផ្សារនិងតម្លៃសមរម្យតាមការចុះកិច្ចសន្យាទុកមុន ការជួយកាត់បន្ថយចំណាយថ្លៃដើម ការទទួលទុនកម្ចីមានការប្រាក់ទាប និងការផ្ដល់ជំនួយបច្ចេកទេស៕

ប្រភព ៖ ក្រសួងកសិកម្ម

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner