លោក ត្រាំ សាទរកិច្ចព្រមព្រៀងរ៉ែកម្រ និងពន្ធគយជាមួយចិន

សេអ៊ូល ៖ ប្រធាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីបំផុត បានព្រមព្រៀងបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ដែលបានធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ ក្រោយមេដឹកនាំអាមេរិកព្រមកាត់បន្ថយពន្ធ និងមេដឹកនាំចិនព្រមបន្តការផ្គត់ផ្គង់រ៉ែកម្រ។

លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃព្រហស្បតិ៍ថា ដូចអ្នកបានដឹងស្រាប់ហើយ ខ្ញុំដាក់ពន្ធ ២០% លើចិន និងដោយសារបញ្ហាថ្នាំញៀន Fentanyl ទើបពន្ធនោះរីកប៉ោងធំ។ ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍ថ្ងៃនេះ ខ្ញុំបានកាត់បន្ថយពន្ធពី២០% មកនៅត្រឹម ១០%វិញភ្លាមៗ។

មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះបន្ថែមថា រីឯបញ្ហារ៉ែកម្រវិញក៏ត្រូវបានដោះស្រាយជាមួយចិនរួចរាល់ហើយដែរ។ តើអ្នកដឹងទេ បញ្ហារ៉ែកម្រមិនមែនជារបស់អាមេរិកតែមួយនោះទេ វាក៏បញ្ហារបស់ពិភពលោកទាំងមូលផងដែរ ដូច្នេះហើយ យើងនឹងបន្តផលិតរ៉ែកម្រ ក៏ដូចជាទិញរ៉ែកម្រ និងលោហៈធាតុសំខាន់ៗផ្សេងទៀត។

យោងតាមការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ, កិច្ចចរចារវាងលោក និងលោកប្រធានាធិបតី ស៊ី បានឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់រ៉ែកម្ររវាងអាមេរិក-ចិនរយៈពេលមួយឆ្នាំ។

សូមរម្លឹកថា ចិនគឺជាប្រទេសកែច្នៃរ៉ែកម្រធំបំផុតរបស់ពិភពលោក បានដាក់បម្រាមលើការនាំចេញបច្ចេកវិទ្យាប្រភេទនេះ ក្រោមហេតុផលការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់ប្រទេស ដែលមានប្រជាជនច្រើនបំផុតលើពិភពលោកមួយនេះ។ រ៉ែកម្រស្ថិតក្នុងចំណោមរ៉ែចំនួន១៧ប្រភេទ ដែលគេដឹងថា ជាសមាសធាតុផ្សំមិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាឡានអគ្គិសនី ទួប៊ីនកង្ហាអគ្គិសនីដើរដោយថាមពលខ្យល់ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ រហូតដល់វិស័យយោធា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner