លោក ត្រាំ ថា អាមេរិក-ចិននឹងរួមគ្នាបញ្ចប់សង្រ្គាមអ៊ុយក្រែន

សេអ៊ូល ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទីព្រហស្បតិ៍ថា រូបលោក និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានយល់ព្រមធ្វើការរួមគ្នាឈានឆ្ពោះទៅរកដំណោះស្រាយពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អំឡុងកិច្ចចរចានៅកូរ៉េខាងត្បូង។

លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះពិសេស Air Force One ថា ស្របពេលដែលសង្គ្រាមអ៊ុយក្រែនកាន់តែឡើងកំដៅខ្លាំង… ពួកយើងបានចាយពេលយ៉ាងយូរពិភាក្សាគ្នាអំពីវា ហើយពួកយើងទាំងពីរសម្រេចថា នឹងធ្វើការជាមួយគ្នាដើម្បីដោះស្រាយវា ដូច្នេះចាំមើលថាតើពួកយើងអាចទទួលបានអ្វីមួយដែរឬអត់។

បើតាមការអះអាងលោក ដូណាល់ ត្រាំ, លោកប្រធានាធិបតី ស៊ី ជីនពីង និយាយថា លោកនឹងជួយយើង… ហើយពួកយើងក៏នឹងធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែនផងដែរ។

ថ្មីៗនេះ លោក ដូណាល់ ត្រាំ ក៏បាននិយាយដែរថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គួរតែឆាប់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ជាជាងបង្ហិនពេលវេលាបាញ់សាកល្បងមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរ ហើយបានព្រមានថា អាមេរិកមាននាវាមុជទឹកនុយក្លេអ៊ែរដែលឈរជើងនៅក្បែរឆ្នេរសមុទ្ររុស្ស៊ីរួចហើយ។

សូមរម្លឹកថា នៅក្នុងឆ្នាំ ២០២៥នេះ រុស្ស៊ី និងអ៊ុយក្រែនបានបើកកិច្ចចរចាចំនួន ៣លើកនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ខណៈដែលកិច្ចប្រជុំលើកចុងក្រោយ រវាងភាគីជម្លោះទាំងពីរធ្វើឡើងនៅក្នុងខែកក្កដា ប៉ុន្តែរាល់កិច្ចប្រជុំទាំងនោះសុទ្ធសឹងតែគ្មានលទ្ធផលផ្លែផ្កា។ នេះបើយោងតាមប្រភពពី RT៕

ប្រភព ៖ AFP និង RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner