‎ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំប្រចាំខែ ជាមួយរបាយការណ៍វឌ្ឍនភាពករណីស៊ើបអង្កេត លើឯកឧត្តម ស៊ាន បូរ៉ាត ករណីឆបោកប្រាក់រាប់លានដុល្លារ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំ លើកទី៣ អាណត្តិទី៤ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយនឹងរបាយការណ៍វឌ្ឍនភាពករណីស៊ើបអង្កេតលើលោក ស៊ាន បូរ៉ាត ពាក់ព័ន្ធនឹងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់រាប់លានដុល្លារ ។

‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសម្តែងនូវការអបអរសាទរប្រកបដោយមោទនភាព ចំពោះជោគជ័យ ជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចបាននូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាសាក្សី ។

ក្នុងកិច្ចប្រជុំនេះ‎ ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. បានរាយការណ៍អំពីការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមន្ត្រីចំនួន ៨៣ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ។ ការងារអប់រំ ដោយថ្នាក់ដឹកនាំ និងឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានបន្តផ្តល់បទឧទ្ទេសនាមលើមុខវិជ្ជា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌ ជូនដល់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម និងមន្ត្រី ជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ដែលមានសិក្ខាកាមចូលរួម សរុបចំនួន ២៦១ រូប ។ ការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ, ការងារបណ្តុះបណ្តាល, ការងារអន្តរជាតិ, ការងារពាក្យប្ដឹង ដោយក្នុងនោះ អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងក្នុងខែសរុបចំនួន ៣៩ ពាក្យប្ដឹង និងរបាយការណ៍វឌ្ឍនភាពករណីស៊ើបអង្កេត លើ ឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ដោយរហូតមកដល់ពេលនេះ លោក កែវ នាថមុនី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រីក្នុងនាយកដ្ឋាន បានដឹកនាំស៊ើបអង្កេតករណីឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ពាក់ព័ន្ធនឹងអតីត ឧកញ៉ា ឡេង ចាន់ណា ។

ACU បានការស្តាប់ចម្លើយលោក ស៊ាន បូរ៉ាត ចំនួន ១៥៧កំណត់ហេតុ (ក្នុងរយៈពេល៤២ថ្ងៃ), បានបើកមើលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់លោក ស៊ាន ប៊ូរាត និងបានជូនភរិយា លោក ស៊ាន បូរ៉ាត ប្រកាសទ្រព្យសម្បត្តិ និងបំណុលបន្ថែម ព្រមទាំងបានឆែកឆេរការិយាល័យធ្វើការរបស់លោក ស៊ាន បូរ៉ាត។

របាយការណ៍ដដែលបានបញ្ជាក់ថា លោក អ៊ុក សំណាង (ជំនួយការលោក ស៊ាន បូរ៉ាត) ក្នុងរយៈពេល២៤ថ្ងៃ បានស្តាប់ចម្លើយចំនួន ១២៥កំណត់ហេតុ, លោក ស៊ិន សុខគា អតីតស្វាមីលោកស្រី ឡេង ចាន់ណា និងជាប្រធានក្រុមហ៊ុនពុះដីឡូតិ៍ ឈ្មោះ SMKN Sokea City Property ក្នុងរយៈពេល៣ថ្ងៃ ស្តាប់ចម្លើយ ៤២កំណត់ហេតុ។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានបន្ថែមថា លោក ស ថាវី ក្នុងរយៈពេល១ថ្ងៃ ស្តាប់ចម្លើយបាន៨កំណត់ហេតុ, អ្នកស្រី ធាម លីណា (ភរិយា លោក ស ថាវី) ក្នុងរយៈពេល៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន៣២កំណត់ហេតុ។

ក្នុងរយៈពេល៤ថ្ងៃ (៨-១១ ខែកញ្ញា ឆ្នាំ ២០២៥) ក្រុមការងារលោក កែវ នាថមុនី ជាច្រើនក្រុមបានចុះទៅពន្ធនាគារខេត្តសៀមរាប ដើម្បីស្តាប់ចម្លើយជនត្រូវចោទ ១០រូប សរុបមានចំនួន ៤៥៤កំណត់ហេតុ ស្តាប់ចម្លើយ ១៖ឡេង ចាន់ណា ១១៣កំណត់ហេតុស្តាប់ចម្លើយ, ២៖ ចាន់ ឃឹម ៨៤កំណត់ហេតុស្តាប់ចម្លើយ, ៣៖ ផុន សាមាន ៥៦កំណត់ហេតុស្តាប់ចម្លើយ, ៤៖ ពិត សុថារិទ្ធ ១០កំណត់ហេតុស្តាប់ចម្លើយ, ៥៖ ប៊ី ពិសិដ្ឋ ៣៨កំណត់ហេតុស្តាប់ចម្លើយ, ៦៖ អ៉ឹម ស្រីវុទ្ធ ៥០កំណត់ហេតុស្តាប់ចម្លើយ, ៧៖ សយ កុសល ២៥កំណត់ហេតុស្តាប់ចម្លើយ, ៨៖ រ៉េត សុធីតា ១៩កំណត់ហេតុស្តាប់ចម្លើយ, ៩៖ ស៊ាង អួន ៣៥កំណត់ហេតុស្តាប់ចម្លើយ និង១០៖ ឃុច ចំរើន ២៤កំណត់ហេតុស្តាប់ចម្លើយ។

សូមរំលឹកថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌចំនួន៣ រួមមាន៖ ១៖ បទឆបោកមានស្ថានទម្ងន់ទោស, ២៖ បទមិនបំពេញកាតព្វកិច្ចឧបករណ៍ ដែលអាចជួញដូរបាន និង៣៖ បទសម្អាតប្រាក់ កាលពីដើមខែមីនា ឆ្នាំ២០២៤។ បន្ទាប់មក លោកស្រីត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនេះ ក៏បានបង្ហាញរបាយការណ៍វឌ្ឍនភាព ការស៊ើបអង្កេតការបែកធ្លាយវិញ្ញាសារគណិតវិទ្យា ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បាក់ឌុប ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ និងការប្រឡងចូលធ្វើមេធាវី ជំនាន់ទី២០ ចំនួន ៤០ នាក់ លើបេក្ខជនចំនួន ៦២១ នាក់ ដោយ អ.ប.ព. វាយតម្លៃខ្ពស់ចំពោះគណៈមេធាវីកម្ពុជា ដែលបានដំណើរការប្រឡងនេះប្រកបដោយភាពស្អាតស្អំ ម៉ត់ចត់ តាំងពីដំណាក់កាលបេក្ខជនដាក់ពាក្យ រហូតដល់វគ្គបញ្ចប់នៃការប្រឡង ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner