ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា ៖ មុនចេញផ្សាយព័ត៌ត្រូវតែពិនិត្យផ្ទៀងផ្ទាត់ឱ្យបានម៉ត់ចត់

(ភ្នំពេញ)៖ ក្នុងនាមជាស្ថាប័នព័ត៌មាន មុនចេញផ្សាយនូវព័ត៌មានទាំងអត្ថបទ និងជាសំឡេង ត្រូវតែពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានម៉ត់ចត់ ដើម្បីធានាបានភាពត្រឹមត្រូវនៃការផ្សាយ និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋលើប្រព័ន្ធផ្សព្វផ្សាយ។ អង្គភាពព័ត៌មាន មានតួនាទីក្នុងការផ្តល់នូវសុវត្ថិភាពព័ត៌មាន សម្រាប់មិត្តអ្នកអាន។ ដូច្នេះ ការចេញផ្សាយព័ត៌មាន ត្រូវមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ដូចនេះ ការផ្ទៀងផ្ទាត់ព័ត៌មាន ផ្ទៀងផ្ទាត់ទាំងរូបភាព និងវីដេអូ ឱ្យច្បាស់លាស់ពីស្ថានភាពជាក់ស្តែងពោលគឺថ្ងៃ ខែ និង ឆ្នាំជាដើម។ ខណៈថ្មីៗនេះមានការជ្រើសរើសរូបភាពចាស់ និងវីដេអូចាស់ មកផ្សព្វផ្សាយជាថ្មី ដោយបានសរសេរបញ្ជាក់ថា រឿងនេះទើបនឹងកើតឡើងផងដែរ។

នេះជាប្រសាសន៍ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ការផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់ថា ស្ថិតនៅក្នុងចង្កោមព័ត៌មានក្លែងក្លាយ (Faks News) ដែលវាធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សិទ្ធិនៃការទទួលបានព័ត៌មានពិតរបស់ប្រជាពលរដ្ឋ។ បើក្នុងនាមជាអ្នកផលិតព័ត៌មានហើយមិនដឹងថា ជាព័ត៌មានពិត ឬមិនពិតនោះ តើឱ្យប្រជាពលរដ្ឋជឿទុកចិត្តយ៉ាងដូចម្តេច ដូច្នេះត្រូវតែនាំគ្នាផ្ទៀងផ្ទាត់ប្រភពឱ្យបានត្រឹមត្រូវ។

សន្តិសុខព័ត៌មាន គឺផ្តោតលើចំណុច ៣សំខាន់ រួមមាន ទី១៖ ឱ្យសារព័ត៌មានមានគុណភាព សំដៅទៅលើអ្នកសារព័ត៌មាន អ្នកដែលបំពេញកិច្ចការងារក្នុងវិស័យព័ត៌មានត្រូវតែមានសមត្ថភាពពេញលេញ ទី២៖ មានក្រមសីលធម៌ និងទី៣៖ ផលិតផលដែលខ្លួនបញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកថា ៖ «យើងទាំងអស់គ្នាកាន់អង្គភាពព័ត៌មាន មានតួនាទីសំខាន់ គឺការទទួលខុសត្រូវនៅក្នុងការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មុននឹងផ្សព្វផ្សាយមុននឹងចុចប៊ូតុងចេញ យើងត្រូវចោទសួរថា តើព័ត៌មានហ្នឹងត្រឹមត្រូវទេ រូបភាពហ្នឹងជារូបភាពពិតកើតឡើងបច្ចុប្បន្នហ្នឹងទេ ហើយវីដេអូហ្នឹងជាវីដេអូថ្មីដែរ ឬទេ?»។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើទៅអ្នកព័ត៌មានថា ក្នុងសតវត្សទី២១នេះ ត្រូវចេះបន្សាំខ្លួនទៅនឹងសម័យបច្ចេកវិទ្យាដ៏ទំនើបមួយនេះ ដោយសារតែមានមហិច្ឆតាឱ្យអ្នកព័ត៌មានកាន់តែមានចំណេះដឹងទូលំទូលាយ ទើបក្រសួងបានផ្តួចផ្តើមរៀបចំសិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងប្រព័ន្ធផ្សព្វផ្សាយ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner