អាល្លឺម៉ង់ថា តួកគីគិតត្រូវដែលទិញយន្តហោះចម្បាំង Eurofighter
អង់ការ៉ា ៖ មេដឹកនាំអាល្លឺម៉ង់បានសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់តួកគី នៅក្នុងការបញ្ជាទិញយន្តហោះចម្បាំងដ៏ទំនើប Eurofighter Typhoon ចំនួន ២០គ្រឿង ដោយនិយាយថា ពួកវានឹងជួយបង្កើនសមត្ថភាពប្រយុទ្ធផ្លូវអាកាស ទាំងតួកគី និងសម្ព័ន្ធមិត្តណាតូ ចំពេលមានការគំរាមកំហែងពីរុស្ស៊ី។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងអង់ការ៉ា អំឡុងមកបំពេញទស្សនកិច្ចនៅប្រទេសតួកគីថា ការគំរាមកំហែងរបស់យោធារុស្ស៊ី ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខអឺរ៉ុប និងអាត្លង់ទិកទាំងមូល។
លោកថា ក្នុងបរិបទនេះ រដ្ឋាភិបាលអាល្លឺម៉ង់សូមសាទរយ៉ាងក្លៀវក្លា ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់តួកគី នៅក្នុងការបញ្ជាទិញយន្តហោះចម្បាំង Eurofighter ចំនួន ២០គ្រឿង ហើយថា យន្តហោះចម្បាំងដ៏ទំនើបទាំងនេះ នឹងបម្រើដល់សន្តិសុខរួម ទាំងតួកគីផ្ទាល់ និងសម្ព័ន្ធមិត្តណាតូ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៨ ខែតុលា, តួកគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយមានតម្លៃ ១១ពាន់លានដុល្លារជាមួយចក្រភពអង់គ្លេស ដើម្បីទិញយន្តហោះចម្បាំង Eurofighter Typhoon ចំនួន ២០គ្រឿង។
ចក្រភពអង់គ្លេសបានហៅវាថា ជាកិច្ចព្រមព្រៀងយន្តហោះចម្បាំងដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មិនធ្លាប់មាន។ យន្តហោះចម្បាំងដំបូងត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសតួកគីនៅឆ្នាំ ២០៣០។ តួកគីក៏មានការបញ្ជាទិញយន្តហោះចំនួន ៧ពាន់លានដុល្លារជាមួយអាមេរិកលើយន្តហោះចម្បាំង F-16 ផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងនោះកំពុងប្រឈមមុខនឹងការពន្យារពេល។
គួរបញ្ជាក់ថា តួកគីចង់ពង្រីកកម្លាំងកងទ័ពអាកាសរបស់ខ្លួនបន្ថែមទៀត ដោយសង្ឃឹមថា នឹងទទួលបានយន្តហោះចម្បាំងសរុបរហូតដល់ ១២០គ្រឿង រួមទាំងយន្តហោះចម្បាំងមួយចំនួនមកពីប្រទេសកាតា និងអូម៉ង់ រហូតដល់យន្តហោះចម្បាំង KAAN ដែលតួកគីផលិតខ្លួនឯងរួចរាល់សម្រាប់ប្រើប្រាស់៕



ប្រភព ៖ AFP និង Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា