ព្យុះសង្ឃរា Melissa សម្លាប់មនុស្សជិត៥០នាក់ នៅការីបៀន

បរទេស ៖ មនុស្សជិត ៥០នាក់បានស្លាប់ បន្ទាប់ពីព្យុះសង្ឃរា Melissa វាយប្រហារបណ្តាប្រទេសដីកោះ នៅសមុទ្រ ការីបៀន។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក ហៅកាត់ NHC បាននិយាយថា ទឹកជំនន់ ត្រូវបានគេព្យាករណ៍ថា នឹងស្រក នៅប្រទេសបាហាម៉ា ទោះបីជាទឹកឡើងខ្ពស់ អាចបន្តកើតមាន នៅក្នុងប្រទេសគុយបា ហ្សាម៉ាអ៊ីក ហៃទី និង សាធារណរដ្ឋដូមីនីកែន ដែលនៅជិតខាង ក៏ដោយ ។

នេះគឺជាព្យុះដ៏មានឥទ្ធិពលបំផុតមួយ ដែលមិនធ្លាប់មាន ដោយត្រូវបានកត់ត្រាថា ទំនងជាខ្លាំងច្រើនជាងមុន ៤ដង ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្ស នេះបើយោងតាមការសិក្សា របស់ស្ថាប័ន Imperial College London ។

NHC បាននិយាយថា លក្ខខណ្ឌព្យុះត្រូពិច កំពុងកើតឡើង នៅលើកោះ Bermuda កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយកោះនេះស្ថិតនៅក្រោមការព្រមាន អំពីខ្យល់ព្យុះ ដោយមានកម្លាំងខ្យល់អតិបរមា ១៥៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

រដ្ឋាភិបាលនៃបណ្តាប្រទេសទាំងនោះ បានជំរុញឱ្យប្រជាពលរដ្ឋចាត់វិធានការប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះ ដែលនៅតែមានឥទ្ធិពលខ្លាំង។

ព្យុះ Melissa បានវាយលុកចូលទាំងប្រទេស ហ្សាម៉ាអ៊ីក និងគុយបា ដោយកម្លាំងដ៏ធំសម្បើម ហើយអ្នកស្រុកកំពុងវាយតម្លៃការខាតបង់របស់ពួកគេ ជាមួយនឹងផ្លូវដ៏វែង នៃការសង្គ្រោះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner