រុស្ស៊ីព្រមានឆ្លើយតបភ្លាមៗ បើអាមេរិកបំពានធ្វើតេស្តនុយក្លេអ៊ែរ

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបោះសម្តីគំរាមខ្លាំងៗថា រុស្ស៊ីនឹងធ្វើការឆ្លើយតបវិញភ្លាមៗ បើសិនអាមេរិកហ៊ានបំពានការហាមឃាត់ធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន RT។

ការព្រមានរបស់រុស្ស៊ីកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យមន្ទីរបញ្ចកោណចាប់ផ្តើមបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ក្រោមហេតុផលប្រកួតប្រជែងអាវុធយុទ្ធសាស្រ្តជាមួយរុស្ស៊ី និងចិន។

នៅពេលត្រូវបានអ្នកកាសែតសួរនាំអំពីបញ្ហានេះ លោក Peskov បានឆ្លើយតបថា យោងតាមសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Putin ដែលបានព្រមានច្រើនលើកច្រើនសារហើយថា បើសិនអាមេរិកមិនព្រមបាត់បង់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ នោះរុស្ស៊ីនឹងចាត់វិធានការឆ្លើយវិញភ្លាមៗ។

ឆ្លើយតបការអះអាងរបស់លោក Donald Trump ដែលថាមានប្រទេសជាច្រើនកំពុងធ្វើតេស្តនុយក្លេអ៊ែរនោះ លោក Peskov ក៏បាននិយាយដែរថា យើងមិនបានដឹងលឺអំពីរឿងនេះទេ ប៉ុន្តែប្រហែលជាគាត់ចង់សំដៅដល់ការធ្វើតេស្តមីស៊ីល Burevestnk ដូច្នេះនោះគឺជាការយល់ខុសទាំងស្រុង ពីព្រោះវាមិនមែនជាការធ្វើតេស្តនុយក្លេអ៊ែរទេ តែវាគ្រាន់តែជាការអភិវឌ្ឍន៍ប្រព័ន្ធការពារជាតិប៉ុណ្ណោះ។

គួរបញ្ជាក់ថា រុស្ស៊ីបានប្រកាសទទួលជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលបញ្ជាទិសដើរដោយថាមពលនុយក្លេអ៊ែរ Burevestnk។ មីស៊ីលថ្មីនេះធ្វើដំណើរបានចម្ងាយ ១៤,០០០គីឡូម៉ែត្រ ហើយអាចហោះលើអាកាសប្រហែល ១៥ម៉ោង អំឡុងពេលសាកល្បងកាលពីថ្ងៃទី២១ ខែតុលា។

រុស្ស៊ីនិយាយថា មីស៊ីល 9M730 Burevestnik ឬហៅម្យ៉ាងទៀតថា Storm Petrel ដែលអង្គការណាតូដាក់ឈ្មោះថា SSC-X-9 Skyfall គឺជាសព្វាវុធដ៏ខ្លាំងក្លា ដែលខែលការពារមីស៊ីល ទាំងពេលបច្ចុប្បន្ន និងអនាគត មិនអាចយកឈ្នះបានទេ ជាមួយនឹងរយៈចម្ងាយស្ទើរតែគ្មានដែនកំណត់ និងផ្លូវហោះហើរដែលមិនអាចទាយទុកជាមុនបាន។

កន្លងមក អាមេរិកក៏ធ្លាប់បាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Minuteman III ដែលមានសមត្ថភាពផ្ទុកទាំងក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីខែកុម្ភៈផងដែរ និងបានធ្វើតេស្តមីស៊ីល Trident II ចំនួន៤គ្រាប់ចេញពីនាវាមុជទឹកកាលពីខែកញ្ញា។

ចំណែក រុស្ស៊ីបានធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកចុងក្រោយបំផុត កាលពីអំឡុងសម័យសូវៀតក្នុងឆ្នាំ ១៩៩០។ អាមេរិកបានបញ្ឈប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ ១៩៩២ បន្ទាប់ពីសភាបានអនុម័តឱ្យបោះបង់ចោល។

យោងតាមការប៉ាន់ស្មាននាពេលថ្មីៗនេះរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល ហៅកាត់ (SIPRI) បានឱ្យដឹងថា អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥,១៧៧គ្រាប់, រុស្ស៊ីមានប្រហែល ៥,៤៥៩គ្រាប់ និងចិនកំពុងសម្ងំផលិតឱ្យកើនដល់ ១,៥០០គ្រាប់នៅត្រឹមឆ្នាំ ២០៣៥៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner