មហាសេដ្ឋី Elon Musk គំរាមដើរចេញពីក្រុមហ៊ុន Tesla បើមិនបានប្រាក់ឈ្នួល ១ ទ្រីលានដុល្លារ
វ៉ាស៊ីនតោន ៖ កំពូលមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk អាចនឹងដើរចេញពីក្រុមហ៊ុនផលិតឡានអគ្គិសនីយក្ស Tesla ភ្លាមៗ បើសិនកញ្ចប់ប្រាក់ឈ្នួល ១ទ្រីលានដុល្លារ ដែលត្រូវផ្តល់ជូនដល់នាយកប្រតិបត្តិរូបនេះ ត្រូវបានបដិសេធ។ នេះបើតាមលោកស្រី Robyn Denholm ប្រធានក្រុមប្រឹក្សាភិបាលរបស់ Tesla បានព្រមានតាមរយៈលិខិតផ្ញើទៅកាន់ម្ចាស់ភាគហ៊ុន។

យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័រ, មូលហេតុដែលលោកស្រី Denholm ដាក់លិខិតព្រមាននេះទៅម្ចាស់ភាគហ៊ុន Tesla គឺក្នុងគោលបំណងស្នើឱ្យរក្សា និងលើកទឹកចិត្តលោក Elon Musk ឱ្យបន្តដឹកនាំក្រុមហ៊ុន Tesla យ៉ាងហោចណាស់៧ឆ្នាំកន្លះតទៅមុខទៀត។
ហើយការព្រមាននេះ ធ្វើឡើងនៅមុនកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាលរបស់ Tesla ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខ។ យ៉ាងណា លោកស្រី Denholm បានសង្កត់ធ្ងន់ថា តួនាទីរបស់លោក Musk គឺមានសារៈសំខាន់ណាស់ ខណៈក្រុមហ៊ុន Tesla កំពុងស្វែងរកការក្លាយជាអ្នកដឹកនាំសកលលោក ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ។
ចំណែកកញ្ចប់ប្រាក់ឈ្នួលដែលបានស្នើឡើងនេះ នឹងផ្តល់ឱ្យលោក Musk នូវជម្រើសភាគហ៊ុនចំនួន១២ដំណាក់កាល ដែលភ្ជាប់ទៅនឹងគោលដៅដ៏មានមហិច្ឆតា រួមទាំងការធ្វើឲ្យក្រុមហ៊ុនកើនឡើងតម្លៃមូលធនទីផ្សារ ៨,៥ទ្រីលានដុល្លារ និងគោលដៅធំៗផ្សេងទៀត ដូចជាការបើកបរស្វ័យប្រវត្តិ និងមនុស្ស ផងដែរ។
គួរបញ្ជាក់ថា លោក Elon Musk បានក្លាយជាមនុស្សដំបូងគេក្នុងលោក ដែលមានលុយលើស ៥០០ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី របស់ទស្សនាវដ្តី Forbes ដែលបានរាយការណ៍កាលពីថ្ងៃទី១ ខែតុលា។
ផ្អែកតាមសារព័ត៌មាន BBC, មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានកើនទ្រព្យសម្បត្តិខ្លាំងបំផុត ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ដែលជាកម្មសិទ្ធិរបស់លោកសុទ្ធតែមានកំណើននៅឆ្នាំ២០២៥នេះ មានដូចជាក្រុមហ៊ុន Tesla, ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត xAI និង ក្រុមហ៊ុនរ៉ុក្កែត SpaceX ជាដើម៕
ប្រភព ៖ Reuters និង BBC ប្រែសម្រួល ៖ ឈឹម ទីណា
