កម្ពុជា-ថៃបានកំណត់តំបន់សាកល្បងក្នុងឃុំអូរបីជាន់របស់កម្ពុជា និងនៅទល់មុខ ឃុំណូនម៉ាកម៉ូន ខេត្តស្រះកែវ របស់ថៃសម្រាប់ដំណើរការដោះមីនមនុស្សធម៌
(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានថ្លែងបញ្ជាក់ឱ្យដឹងថានៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានបញ្ចប់កិច្ចប្រជុំ ដោយបានកំណត់តំបន់សាកល្បងចំនួន ១ ទីតាំង នៅក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែន សម្រាប់ដំណើរការដោះមីនមនុស្សធម៌ ដែលមានទីតាំងស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា៖ សម្រាប់ការងារដោះមីនមនុស្សធម៌នេះ ត្រូវអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ រវាងក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងដែរថា”ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីជួបប្រជុំ និងពិភាក្សាការងារបច្ចេកទេសនៅទីតាំងជាក់ស្ដែង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។
យ៉ាងណាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថាចំពោះការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង៕
ដោយ ៖ ម៉ាដេប៉ូ
