សម្ដេចធិបតី ៖ ទោះមានបញ្ហាប្រឈម ក៏ដំណើរការនៃការអប់រំចំណេះទូទៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព

(ភ្នំពេញ)៖ ទោះបីមានបញ្ហាប្រឈមតិចតួចយ៉ាងណាក៏ដោយ ក៏ដំណើរការនៃការអប់រំចំណេះទូទៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ បានប្រព្រឹត្តទៅតាមការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរជាទីសាទរ ។ នេះបើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្មីៗនេះ ក្នុងអំឡុងពេលដែលសាលារៀនមួយចំនួនត្រូវបានផ្អាកដំណើរការ ដោយសាររងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានខិតខំបន្តផ្តល់សេវាបង្រៀននិងរៀនដល់សិស្សានុសិស្ស តាមរយៈការរៀបចំការបង្រៀន និង រៀនជាលក្ខណៈប្រមូលផ្តុំនៅសាលារៀននិងជំរំ។ បន្ទាប់ពីសង្គ្រាមបានស្ងប់ស្ងាត់ សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ ប៉ុន្តែសិស្សដែលបានត្រឡប់មករៀនវិញនៅមានចំនួនតិចតួច ដោយសារភាពភ័យខ្លាច និងសិស្សមួយចំនួនទៀតបន្តស្នាក់នៅក្នុងជំរំជាមួយមាតាបិតា ឬអាណាព្យាបាល ។

ជាមួយគ្នានេះដែរ បងប្អូន ពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលចេញ-ចូលប្រទេសថៃ ប្រមាណ ៩៣ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញ ដោយរួមទាំងកុមារ និងសិស្សានុសិស្សស្ថិតក្នុងអាយុសិក្សានៅកម្រិតការអប់រំចំណេះទូទៅផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយឱ្យគ្រប់ភាគីពាក់ព័ន្ធ បង្កលទ្ធភាពឱ្យកុមារនិង សិស្សានុសិស្សទាំងនោះ បានចុះឈ្មោះចូលរៀននៅតាមសាលារៀននៅជិតបំផុត ដោយសារពួកគេមួយចំនួន ធ្លាប់បានចូលរៀន មិនធ្លាប់ចូលរៀន ចេះភាសាខ្មែរ និងមិនសូវចេះភាសាខ្មែរ ។

សម្ដេចធិបតី បានបញ្ជាក់ថា ទោះបីមានបញ្ហាប្រឈមតិចតួចយ៉ាងណាក៏ដោយ ក៏ដំណើរការនៃការអប់រំចំណេះទូទៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ បានប្រព្រឹត្តទៅតាមការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរជាទីសាទរ ដោយសារ ការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន ព្រមទាំង ការចូលរួមរបស់សហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។

រាជរដ្ឋាភិបាលកម្ពុជា សូមកោតសរសើរ និងសង្កេត ឃើញថា សិស្សានុសិស្សនៅគ្រប់កម្រិតទទួលបានឱកាសចូលរៀនកាន់តែច្រើន និងមានការផ្លាស់ប្តូរឥរិយាបថ ការគោរពវិន័យប្រកបដោយសីលធម៌ និងទទួលបានចំណេះដឹងកាន់តែប្រសើរឡើង ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner