កម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាជិះសេះ ពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ដោយមាន ៨ប្រទេសចូលរួម

(ភ្នំពេញ)៖ សហព័ន្ធកម្ពុជា បង្ហាត់ជិះសេះ បានទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាជិះសេះលើពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២១ឆ្នាំ (SEA Youth Cup) លើកទី៣ ឆ្នាំ២០២៥ ដោយមានអត្តពលិក ៨ប្រទេសចូលរួម ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា នៅទីលានក្លិបជិះសេះ Genius resort រាជធានីភ្នំពេញ ។

លោក សាត សាវីត គ្រូបង្វឹកក្រុមជម្រើសជាតិថ្នាល កីឡាជិះសេះកម្ពុជា និងជាគ្រូបង្វឹកប្រចាំក្លិប Genius resort បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធ បានទទួលការគាំទ្រពីអន្ដរជាតិ ក៏ដូចជាដៃគូ ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ហើយមានប្រទេសជាច្រើនចូលរួម រួមមានក្រុមកីឡាជិះសេះឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ ចិន ហុងកុង និងម្ចាស់ផ្ទះកម្ពុជា ។

លោកថា ព្រឹត្តិការណ៍នេះ គឺជាកម្មវិធីដ៏ល្អ ដែលបញ្ជាក់ថា សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិ ហើយក៏ជាបទពិសោធន៍ដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការវាស់ស្ទង់ជាមួយបណ្ដាប្រទេស ក្នុងតំបន់ ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសកាន់តែប្រសើរ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេមតែម្ដង។

ជាមួយការប្រកួតពានរង្វាន់ SEA Youth Cup លើកដំបូង នៅរាជធានីភ្នំពេញនេះដែរ ម្ចាស់ផ្ទះកម្ពុជា មានកីឡាការិនីម្នាក់ប៉ុណ្ណោះចូលរួម គឺព្រះនាង នរោត្ដម អម្រិតា ។ លោក សាត សាវីត បានបង្ហាញសុទិដ្ឋិនិយម ចំពោះព្រះនាង ក្នុងនាមកីឡាការិនីតំណាងកម្ពុជាតែម្នាក់គត់ និងធ្លាប់មានបទពិសោធន៍ច្រើនក្នុងការប្រកួតអន្ដរជាតិ នឹងធ្វើបានល្អ ជាមួយការឈានទៅដណ្ដើមមេដាយ ជូនជាតិមាតុភូមិ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាជិះសេះពានរង្វាន់យុវជន អាស៊ីអាគ្នេយ៍ លើកទី៣ រយៈពេល ៣ថ្ងៃ នៅទីលានក្លិបជិះសេះ Genius resort នេះ បើកឲ្យមហាជន ពិសេស អ្នកចូលចិត្តវិស័យកីឡាជិះសេះ អាចចូលរួមទស្សនាដោយសេរី ពុំមានការលក់សំបុត្រនោះទេ ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner