ធនាគារជាតិ នៃកម្ពុជា សហការយ៉ាងជិតស្និទ្ធជាមួយស្ថាបនជាតិ-អន្តរជាតិ ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ

(កំពត)៖ ធនាគារជាតិនៃកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងស្ថាបនជាតិ-អន្តរជាតិនានា ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការយ៉ាងប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវ ជាពិសេស សម្រាប់កុមារ ស្ត្រី និងប្រជាពលរដ្ឋនៅជនបទ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ទិវាសន្សំអាស៊ាន” ក្រោមប្រធានបទ «សន្សំប្រាក់ដោយភាពឆ្លាតវៃ សន្សំប្រាក់ដោយក្តីស្រលាញ់» នៅខេកំពត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

ឯកឧត្តម យឹម លាត បានចែករំលែកអំពីប្រវត្តិខ្លះៗនៃ «ទិវាសន្សំអាស៊ាន» ជូនដល់អង្គពិធី ដើម្បីឱ្យអង្គពិធីបានយល់ដឹងពីដើមកំណើត និងអត្ថន័យនៃទិវានេះ។ «ទិវាសន្សំអាស៊ាន» ត្រូវបានរៀបចំដោយគណៈកម្មការបរិយាបន្នហិរញ្ញវត្ថុអាស៊ាន នៅឆ្នាំ២០១៩ដើម្បីលើកកម្ពស់វប្បធម៌សន្សំ និងការយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ការផ្តួចផ្តើមនេះ ស្របតាម ទិវាសន្សំពិភពលោក (World Savings Day) ដែលជាទស្សនៈរបស់អ្នកសេដ្ឋកិច្ចជនជាតិអ៊ីតាលីឈ្មោះ Filippo Ravizza ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការសន្សំ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជៀសវាងវិបត្តិហិរញ្ញវត្ថុ។

ឯកឧត្តម យឹម លាត បន្តថា ការសន្សំប្រាក់ គឺជាវិធីការពារហិរញ្ញវត្ថុសំខាន់មួយ ដែលជួយឲ្យយើងពេលមានបញ្ហា ឬតម្រូវការបន្ទាន់ ។ ការសន្សំ ក៏ជាផ្នែកនៃការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធានាសុវត្ថិភាព បង្កើនទ្រព្យសម្បត្តិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីគាំទ្រការលើកកម្ពស់វប្បធម៌សន្សំក្នុងសម័យឌីជីថលនេះ ធនាគារជាតិនៃកម្ពុជា កំពុងអភិវឌ្ឍន៍ កម្មវិធី “Bakong Junior”ដែលមានគោលបំណងអប់រំកុមារ និងយុវជនឲ្យរៀនសន្សំ និងប្រើប្រាស់ តាមប្រព័ន្ធឌីជីថលយ៉ាងមានទំនួលខុសត្រូវ។ កម្មវិធីនេះជួយបណ្តុះឱ្យកុមារ ផ្សំនិងសម្របខ្លួននឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលតាមបែបសុវត្ថិភាព និងទាន់សម័យ។ សិស្សអាចចូលរួមប្រើប្រាស់កម្មវិធីនេះបាន តាមរយៈការចុះឈ្មោះជាមួយ កាតសិស្ស ដើម្បីទទួលបានប្រើប្រាស់ប្រកបដោយប្រព័ន្ធមានសុវត្ថិភាព និងទំនុកចិត្ត។

ក្នុងន័យនេះ ឯកឧត្តម យឹម លាត សូមលើកទឹកចិត្តដល់សាធារណជនគ្រប់រូប ឲ្យចាប់ផ្តើមសន្សំប្រាក់ជាប្រចាំ ជាពិសេសជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្លូវការ។ សូមចងចាំថា «ការបង្កើតទម្លាប់សន្សំប្រាក់ប្រចាំថ្ងៃ ប្រហែលជាពិបាកនៅដំបូង ប៉ុន្តែផលប្រយោជន៍ ដែលទទួលបានពិតជាមានតម្លៃយ៉ាងខ្លាំង»។ ទម្លាប់សន្សំប្រាក់ទៀងទាត់ ទោះតិចក្តី ឬច្រើនក្ដី នឹងជួយបំពេញតម្រូវការហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងអនាគត សម្រាប់ខ្លួនឯង មនុស្សជាទីស្រលាញ់ និងប្រទេសជាតិ។
 
ជាមួយនេះដែរ ឯកឧត្តម យឹម លាត ក៏សូមលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឲ្យបន្តពង្រឹងប្រតិបត្តិការ និងពង្រីកវិសាលភាពសេវា ដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋ ធានាបាននូវប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់។ ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឲ្យមានគុណភាព និងភាពជឿជាក់ នឹងជាជំហានសំខាន់ក្នុងការលើកកម្ពស់ទំនុកចិត្តសាធារណៈ ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner