អាមេរិកដេញថ្លៃបង្គន់មាស តម្លៃចាប់ពី១០លានដុល្លារ
វ៉ាស៊ីនតោន ៖ អាមេរិកគ្រោងនឹងដាក់ដេញថ្លៃ បង្គន់មាស នៅទីក្រុងញូវយ៉ក នាពាក់កណ្តាលខែវិច្ឆិកានេះ ក្នុងតម្លៃចាប់ពី ១០លានដុល្លារអាមេរិក។
ទីភ្នាក់ងារព័ត៌មាន CNA បានចេញផ្សាយថា បង្គន់ដែលមានតម្លៃបំផុតលើពិភពលោក មួយនេះ ត្រូវបានក្រុមហ៊ុន Sotheby’s ប្រកាសពីការដេញថ្លៃ កាលពីថ្ងៃសុក្រ។ នេះគឺជាបង្គន់ ដែលត្រូវបានរចនា ដោយវិចិត្រករ ជនជាតិអ៊ីតាលី លោក Maurizio Cattelan។
ក្រុមហ៊ុនដេញថ្លៃ មួយនេះ បានអះអាងថា «វាក៏ជាបង្គន់ដែលមានមុខងារពេញលេញដូចគ្នា ទៅនឹងបង្គន់ ដែលទទួលបានកិត្តិនាម ជាសាកល និង ត្រូវបានលួចពីវិមាន Blenheim របស់ប្រទេសអង់គ្លេស ក្នុងឆ្នាំ២០១៩»។
តម្លៃចាប់ផ្តើមដំបូង នៅក្នុងពេលដេញថ្លៃ នាថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងទីក្រុងញូវយ៉ក នឹងមាន ជាតម្លៃ នៃ មាស ជាង១០១.២គីឡូក្រាម ដែលបច្ចុប្បន្ន ស្មើនឹង ប្រហែល ១០លានដុល្លារអាមេរិក។
លោក David Galperin ប្រធានផ្នែកសិល្បៈសហសម័យ នៅក្រុមហ៊ុន Sotheby’s ស្ថិតក្នុងទីក្រុងញូវយ៉ក បាននិយាយថា លោក Cattelan គឺជាអ្នកបង្កើត ពិភពសិល្បៈ ពេញលេញ។
លោក Cattelan ក៏ជាអ្នកជោគជ័យបំផុតមួយរូប។ សិល្បៈ ដែលជាស្នាដៃរបស់លោក មានទាំង ចេកបិទ «ជាប់នឹងជញ្ជាំង» ដែលត្រូវបានលក់ នៅឯការដេញថ្លៃ ក្នុងទីក្រុងញូវយ៉ក ដូចគ្នា កាលពីឆ្នាំមុន ក្នុងតម្លៃ ៦.២លានដុល្លារអាមេរិក៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត


