អ្នករស់រានពីគ្រាប់បែកបរមាណូ រិះគន់ធ្ងន់ៗលើការផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរអាមេរិកឡើងវិញ
តូក្យូ៖ ក្រុមអ្នករស់រានមានជីវិត ពីគ្រាប់បែកបរមាណូនៅជប៉ុន បានរិះគន់យ៉ាងចាស់ដៃ លើការផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរអាមេរិកឡើងវិញ
តាមបទបញ្ជា របស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ។
មេដឹកនាំអាមេរិករូបនេះ បានបញ្ជាឱ្យក្រសួងសង្គ្រាម ចាប់ផ្តើមឡើងវិញ ជាបន្ទាន់ នូវការសាកល្បង អាវុធនុយក្លេអ៊ែរ កាលពីថ្ងៃព្រហស្បតិ៍
ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមទៀត អំពីលក្ខណៈពិសេស នៃការធ្វើតេស្តនេះទេ។
យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជប៉ុន NHK , ទង្វើនេះបានទាក់ទាញប្រតិកម្ម យ៉ាងមុតស្រួច និង ខឹងសម្បារ ក្នុងចំណោមអ្នករស់រានមានជីវិត ពីការទម្លាក់គ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ជាទីតាំង ធ្លាប់ត្រូវបានទម្លាក់គ្រាប់បែកបរមាណូ។
អភិបាលក្រុង Nagasaki លោក Suzuki Shiro បាននិយាយថា «នេះគឺជាទង្វើដែលធ្វើឱ្យខូចដល់បំណងប្រាថ្នា របស់អ្នកដែលបានធ្វើការ ដោយមិនចេះនឿយហត់ ដើម្បីសម្រេចបាន នូវពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ…វាមិនអាចទទួលយកបាន ជាដាច់ខាត»។
រីឯ លោក Tanaka Terumi សហប្រធានក្រុម តំណាងឱ្យអ្នករស់រានមានជីវិត ពីគ្រាប់បែកបរមាណូ «Nihon Hidankyo» បាននិយាយថា អាវុធនុយក្លេអ៊ែរ មិនគួរត្រូវបានប្រើ ជាបន្ទះសៀគ្វីចរចា នយោបាយឡើយ។ លោកមើលឃើញថា ការប្រកាសនេះ ជាមធ្យោបាយមួយ សម្រាប់អាមេរិក ក្នុងការបង្ហាញការត្រៀមខ្លួន ក្នុងការប្រើប្រាស់សព្វាវុធ គ្រប់ពេល។
មេដឹកនាំម្នាក់ទៀត នៃ ក្រុមនេះ គឺ លោក Mimaki Toshiyuki បានព្រមានថា «វាអាចបង្កឱ្យមានប្រតិកម្ម ខ្សែសង្វាក់អវិជ្ជមាន ក្នុងចំណោមប្រទេស មហាអំណាចនុយក្លេអ៊ែរ ផ្សេងទៀត»។
ជាការកត់សម្គាល់ លោក ប្រធានាធបតីអាមេរិក បានប្រកាស ពីបទបញ្ជានេះ នៅមុនពេលជួបមេដឹកនាំចិន។ លោកអះអាងថា «អាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងអ្នកណាទាំងអស់…យើងមិនធ្វើតេស្តទេ ហើយ យើងបានបញ្ឈប់វា ជាច្រើនឆ្នាំ មកហើយ…ប៉ុន្តែ បើអ្នកផ្សេងទៀត ចង់ធ្វើតេស្ត ខ្ញុំគិតថា វាសមរម្យ ដែលយើងត្រូវធ្វើ ផងដែរ»។
យ៉ាងណា លោកអះអាងថា ការរំសាយអាវុធនុយក្លេអ៊ែរ ជារឿងដ៏អស្ចារ្យមួយ ហើយថា អាមេរិកពិភាក្សា ជាមួយរុស្ស៊ី រួចហើយ។ លោកបានបន្ថែមថា ចិន ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមផងដែរ។
ជុំវិញរឿងនេះ មន្ត្រីរុស្ស៊ីបានឆ្លើយតប ដោយប្រយ័ត្នប្រយែង កាលពីថ្ងៃព្រហស្បតិ៍។ លេខាធិការសារព័ត៌មាន ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា លោកចង់រំលឹកឡើងវិញ នូវសេចក្តីថ្លែងការណ៍របស់ ប្រធានាធិបតី ពូទីន ដែលបញ្ជាក់ថា «ប្រសិនបើនរណាម្នាក់ ចង់សាកល្បង ឡើងវិញ រុស្ស៊ីនឹងចាត់ការ តាមនោះ»។
មន្ត្រីចិន វិញ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង ប្តេជ្ញាចំពោះផ្លូវ នៃការអភិវឌ្ឍន៍ ដោយសន្តិភាព៕
ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

