សម្ពោធជាផ្លូវការ អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៃ មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល
(ខេត្តកណ្តាល)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម AtSushi Ueno ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៃ មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនាពេលនេះ កើតចេញក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។ សមិទ្ធផលថ្មីនេះ នឹងរួមចំណែកក្នុងការសម្រេចបានគោលបំណងរួមបញ្ចូលគ្នា និងប្រកបដោយនិរន្តរភាពក្នុងការប្រយុទ្ធនឹងជំងឺមហារីក ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសស្ថាបនិក បុគ្គលិកនៃអង្គការបេះដូងជប៉ុន ដែលបានកៀរគរថវិកាពីសប្បុរសជនជប៉ុន និងសប្បុរសជនកម្ពុជា ដែលបានសាងសង់អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីនៃអង្គការបេះដូងជប៉ុន ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល និងខេត្តផ្សេងទៀតជាប់នឹងខេត្តកណ្ដាល។
អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន មានកំពស់ 3ជាន់ មានផ្ទៃក្រឡាសរុបស្មើ 13 155 ម៉ែត្រការ៉េ មានបន្ទប់ចំនួន 100 បន្ទប់ មានគ្រែចំនួន 200គ្រែ និងបន្ទប់វះកាត់ 4បន្ទប់ រួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យ និង ថវិកាគ្រោងសម្រាប់គាំទ្រ ដំណើរការផ្តល់សេវា (ឱសថ និងសម្ភារបរិក្ខារពេទ្យផ្សេងៗ ) រយៈពេល 3ឆ្នាំ (ដល់2027) ដែលចំណោយថវិកាសរុបចំនួន 13 777 000 ដុល្លារអាមេរិក ដែលជាថវិកាពីសប្បុរសជនជប៉ុន និងសប្បុរសជនក្នុងប្រទេសកម្ពុជា។
មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការថែទាំជំងឺមហារីក សម្រាប់កុមារនៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពរីកចម្រើនដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងការការពារ និងការប្រយុទ្ធនឹងជំងឺមហារីក ពិសេសសម្រាប់កុមារ ស្របតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ របស់ក្រសួងសុខាភិបាល ៕
ដោយ ៖ ហេង សម្បត្តិ


























