ជំងឺអុតស្វា ឬ mpox រកឃើញក្នុងប្រទេសជាច្រើនទៀត
បរទេស ៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បាននិយាយថា ជំងឺអុតស្វា ឬ mpox ឥឡូវនេះ ត្រូវបានគេរកឃើញ នៅក្នុងប្រទេស ជាច្រើនទៀត ខណៈដែលមានអ្នកស្លាប់ ចំនួន១៧នាក់ នៅអាហ្វ្រិក ក្នុងរយៈពេល ៦សប្តាហ៍។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រយធឺ, អង្គការសុខភាពពិភពលោក បាននិយាយ កាលពីថ្ងៃសុក្រថា ប្រទេសចំនួន ១៧ នៅទ្វីបអាហ្រ្វិក បានជួបប្រទះនឹងការចម្លងមេរោគ mpox យ៉ាងសកម្ម ក្នុងរយៈពេល ៦សប្តាហ៍ ចុងក្រោយនេះ។ ដោយក្នុងនោះ ករណីដែលត្រូវបានបញ្ជាក់ មានចំនួន ២ពាន់៨៦២នាក់ រួមទាំង ការស្លាប់ចំនួន ១៧ នាក់ នៅចន្លោះ ពីថ្ងៃទី១៤ ខែកញ្ញា ដល់ ថ្ងៃទី១៩ ខែតុលា។
WHO ក៏បាននិយាយផងដែរថា ម៉ាឡេស៊ី ណាមីប៊ី ហូឡង់ ព័រទុយហ្គាល់ និងអេស្ប៉ាញ បានរកឃើញ ប្រភេទ MPXV ជាលើកដំបូង ចាប់តាំងពីរបាយការណ៍ចុងក្រោយ របស់ទីភ្នាក់ងារនេះ។
ជំងឺអុតស្វា ឬ mpox គឺជាការឆ្លងមេរោគ ដែលរីករាលដាល តាមរយៈការទំនាក់ទំនងជិតស្និទ្ធ ហើយ ជាធម្មតា បណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និង ដំបៅដែលពោរពេញដោយខ្ទុះ។ ជាធម្មតា ជំងឺនេះ មើលទៅដូចជាស្រាល ប៉ុន្តែ អាចបណ្តាលឱ្យស្លាប់៕
ប្រភពពី VNepxress ប្រែសម្រួល៖ សារ៉ាត