នាយទាហាន វិទ្យាស្ថាននាយទាហានចម្រុះ ទទួលបានចំណេះដឹងបន្ថែម ច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា
(កំពង់ស្ពឺ)៖ កាកបាទក្រហមកម្ពុជា បានបើកវគ្គផ្សព្វផ្សាយស្ដីពី ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ការប្រើប្រាស់និងការការពារបដិរូប ច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មមនុស្សធម៌រយៈពេល ៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា ជូនដល់នាយទាហានចំនួន ៣០០នាក់ នៅវិទ្យាស្ថាននាយទាហានចម្រុះ (ថ្លុកតាសេក) ខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ត្រី ប្រាក់ ចន្ធី តំណាងឯកឧត្តមនាយកវិទ្យាស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរគុណចំពោះយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានធ្វើឱ្យប្រជាជនគ្រប់រូប មានការគោរពស្រឡាញ់ និងគាំទ្រចំពោះសកម្មភាពមនុស្សធម៌យ៉ាងសកម្ម គ្រប់កាលៈទេសៈគ្រប់ទីកន្លែង ដូចពាក្យថាទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

ឧត្តមសេនីយ៍ត្រី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃវគ្គផ្សព្វផ្សាយនាឱកាសនេះ ដែលបានផ្តល់នូវចំណេះដឹងមួយថ្មីថែមទៀត ដើម្បីធ្វើជាមូលដ្ឋានឱ្យនាយទាហាន យោធាចារ្យ និងកម្មសិក្សាការីទាំងអស់សម្រាប់បំពេញភារកិច្ចក៏ដូចជាការរៀនសូត្រឱ្យទទួលបាននូវលទ្ធផលខ្ពស់ ។
ក្នុងឱកាសនោះដែរ លោកជំទាវ ហួន ចន្ទបូរ៉ា ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមគោរពថ្លែងអំណរគុណចំពោះស្មារតីនិងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំវិទ្យាស្ថាននាយទាហានចម្រុះ ដែលបានបំពេញភារកិច្ចក្នុងការបណ្តុះបណ្តាល ការកសាងធនធានកងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីថែរក្សាអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា នាពេលកន្លងមកប្រកបដោយប្រសិទ្ធភាព ។

លោកជំទាវ ក៏បានចែករំលែកសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាជនភៀសសឹក ការងារស្តារទំនាក់ទំនងគ្រួសារ ក្នុងស្ថានការណ៍ភាពតានតឹងនៅព្រំដែននាពេលកន្លងទៅថ្មីៗ ក៏ដូចជាសកម្មភាពទៅតាមវិស័យអាទិភាពចំនួន៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា ។

លោកជំទាវ ក៏បានសំណូមពរដល់ក្មួយៗ ដែលជានាយទាហាន នាយទាហានរង និងកម្មសិក្សាការីទាំងអស់សូមថែរក្សាសុខភាពឱ្យបានល្អ ចូលរួមទប់ស្កាត់ជំងឺមិនឆ្លងចំនួន៤មុខរួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាភផ្លូវដង្ហើមរាំរ៉ៃ តាមរយៈការបរិភោគ ស្ករតិច អំបិលតិច និងខ្លាញ់តិច។

មន្ត្រីថ្នាក់កណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក៏បានធ្វើបទឧទ្ទេសនាម ស្ដីពីប្រធានបទមួយចំនួនពាក់ព័ន្ធទៅនឹងប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ការការពារនិងការប្រើប្រាស់បដិរូប និងច្បាប់មនុស្សធម៌អន្តរជាតិ ដោយគូសបញ្ជាក់អំពីអនុសញ្ញាហ្សឺណែវ ១២ សីហា ឆ្នាំ ១៩៤៩ ដែលជាកម្រងច្បាប់នៃអនុសញ្ញាហ្សឺណែវទាំង៤ និងពិធីសារបន្ថែមចំនួន៣ ដែលត្រូវបានតាក់តែងឡើងនៅពេលដែលភាគីចូលរួមក្នុងសង្គ្រាមបានឯកភាពគ្នាកំណត់ប្រការត្រូវអនុវត្ត និងគោរពដោយភាគីនីមួយៗ ដើម្បីធានាបាននូវសន្តិភាព ។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គផ្សព្វផ្សាយនេះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភជូនដល់វិទ្យាស្ថាននាយទាហានចម្រុះ រួមមាន គ្រឿងឧបភោគបរិភោគ និងឃីតសង្គ្រោះបឋមមួយចំនួន ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ផងដែរ ៕
ដោយ / គ្រី សម្បត្តិ
