វិទ្យាល័យជាស៊ីមបឹងកេងកង ប្រារព្ធពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៥-២០២៦
(ភ្នំពេញ)៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ត្រូវបានរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអបរំយុវជននិងកីឡា បានកំណត់ឱ្យសាលារៀនទូទាំងប្រទេស ប្រារព្ធពិធីបើកវេសនកាលឆ្នាំថ្មី ២០២៥-២០២៦ ដែលក្នុងនោះគណៈនាយកលោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមបឹងកេងកង ក៏បានរៀបចំពិធីអបអរថ្ងៃបើកបវេសនាកាលឆ្នាំថ្មី២០២៥-២០២៦ដែរ ក្រោមវត្តមាន លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង ។

លោក នុត ងួនលី នាយកវិទ្យាល័យជាស៊ីមបឹងកេងកង បានឱ្យដឹងថា ឆ្នាំសិក្សា២០២៤-២០២៥ កន្លងមកសិស្សថ្នាក់ទី១២ បានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិចំនួន ៨៨នាក់ក្នុងនោះសិស្សស្រី៥៣នាក់ គិតជាភាគរយ ៦៧,១៧%។ លោកនាយកមានប្រសាសន៍ថាលោកគ្រូ អ្នកគ្រូ ទាំងអស់នៃវិទ្យល័យនេះ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សានិងអប់រំ ដល់សិស្សានុសិស្ស ដើម្បីលើកកម្ពស់គុណភាពជាពិសេសការចូលរួមអភិវឌ្ឍធនធានមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១នៃរាជរដ្ឋភិបាល ។

ទន្ទឹមនឹងនេះ លោកនាយក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមសហការនិង ផែនការការពារសុវត្ថិភាពសន្តិសុខសណ្តាបធ្នាប់ក្នុងសាលារៀនបានល្អប្រសើរ ធានាស្ថេរភាពដលការសិក្សា របស់ក្មួយៗសិស្សានុសិស្សបានល្អនិងឈានទៅរកការកសាងធនធានមនុស្សប្រកបដោយលក្ខណ ពេញលេញ។

លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង មានប្រសាសន៍ថា ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា។ ដូច្នេះសូម ក្មួយៗសិស្សានុសិស្សទាំងអស់ប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ក្រេបយកចំណេះដឹងដើម្បីក្លាយខ្លួនជា កូនល្អមិត្តល្អ សិស្សល្អ ដើម្បីជាទំពាំងស្នងឬស្សី ក្នុងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនជឿនលឿន និង ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប ។ លើសពីនេះលោកប្រធានក្រុមប្រឹក្សា ក៏បានក្រើនរំលឹកឱ្យក្មួយៗ ប្រកាន់យកគុណធម៍ សិលធម៍ ជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងក្រុមក្មេងទំនើង។ ជាមួយគ្នានោះដែរ ប្រធានគណៈធិបតី លោកនាយក លោកគ្រូ-អ្នក បានប្រគល់រង្វាន់វត្ថុអនុស្សាវរីយ៍ជូនដល់ក្មួយៗសិស្សពូកែផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
(P-TV)



