សាលាបឋមសិក្សាវត្តរាជបូណ៌ បើកទ្វារស្វាគមន៍សិស្សានុសិស្ស ជាមួយនឹងគុណភាពអប់រំ និងបរិយាកាសសិក្សាថ្មី
សៀមរាប ៖ សាលាបឋមសិក្សាវត្តរាជបូណ៌ ដែលជាសាលារៀនគំរូដ៏មានកេរ្តិ៍ឈ្មោះក្នុងខេត្តសៀមរាប បានប្រកាសពីការត្រៀមលក្ខណៈដ៏ហ្មត់ចត់បំផុត ដើម្បីទទួលស្វាគមន៍ការចាប់ផ្តើមនៃ ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ខណ:បានបើកបវេសនកាលផ្លូវការនៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាទីតាំងស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ។
ពិធីបើកបវេសកាលឆ្នាំសិក្សាថ្មីមានអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ស៊ិន ណម សមាជិកក្រុមក្រឹក្សាខេត្ត លោកស្រី ម៉ាត់ អាហ្សីម៉ាស អភិបាលរងក្រុងសៀមរាប ។
លោក អន គុណរ័ត្ន នាយកគ្រប់គ្រងសាលាបឋមសិក្សាវត្តរាជបូណ៍ បានឲ្យដឹងថា សាលាមានលោកគ្រូ អ្នកគ្រូចំនួន ១២៨នាក់, មានសិស្សសរុប៥ ៦៦១នាក់ ។សម្រាប់ឆ្នាំសិក្សាថ្មីកើនដល់៥ ៨០៧ នាក់,មាន ចំនួន១១៦ថ្នាក់ ពិសេសសម្រាប់ថ្នាក់ទី១ និងថ្នាក់មត្តេយ្យ ត្រូវបានប្រើស្មាតធីវី ផងដែរ។
លោក អន គុណរ័ត្ន បន្តថាសាលាបានការត្រៀមលក្ខណៈ និងគុណភាពអប់រំ ដើម្បីធានាបាននូវដំណើរការសិក្សាប្រកបដោយប្រសិទ្ធភាពតាំងពីថ្ងៃដំបូង គណៈគ្រប់គ្រងសាលា និងក្រុមប្រឹក្សាគ្រូបង្រៀន បានអនុវត្តផែនការសំខាន់ៗ កិច្ចប្រជុំពង្រឹងគុណភាពគ្រូបង្រៀនដើម្បីពិនិត្យ និងកែលម្អកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងត្រៀមរៀបចំឯកសារបង្រៀនថ្មីៗ ផ្តោតលើការអនុវត្តកម្មវិធីសិក្សាតាមបែប “សតវត្សរ៍ទី២១”។ពង្រឹងអនាម័យ និងសោភណភាព ។
ក្នុងឱកាសនេះលោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានលើកសរសើរសាលាបឋមសិក្សាវត្តរាជបូណ៌ មិនត្រឹមតែមានឈ្មោះល្បីល្បាញក្នុងខេត្តសៀមរាបនោះទេ តែជាសាលាគំរូល្បីទាំងក្នុងនិងក្រៅប្រទេសទៀតផង ។លោកជំទាវអគុណលោក អន គុណរ័ត្ន នាយកគ្រប់គ្រងសាលា រួមទាំងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង សាបព្រួសចំណេះវិជ្ជាដល់កូនសិស្សានុសិស្ស ឱ្យមានចំណេះដឹង មានវិន័យ សីលធម៌ សណ្តាប់ធ្នាប់ល្អ ។
លោកជំទាវក៏បានផ្តាំផ្ញើមួយចំនួនដោយផ្អែកលើសាររបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦៕
ដោយ:ប៊ុន រដ្ឋា










