វៀតណាមប្រើមាសច្រើនជាងគេនៅអាស៊ាន
ហាណូយ ៖ វៀតណាមឈរនៅលើតារាងកំពូល ក្នុងនាមជាប្រទេសប្រើប្រាស់មាសច្រើនជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ មាន៥៥តោន ជាប្រចាំឆ្នាំ នេះបើតាមក្រុមប្រឹក្សាមាសពិភពលោក។
ទីភ្នាក់ងារព័ត៌មាន VNexpress បានចេញផ្សាយ កាលពីថ្ងៃសុក្រថា ទិន្នន័យ ដែលបង្ហាញថា វៀតណាមប្រើមាសច្រើនជាងគេនៅអាស៊ាន ត្រូវបានលើកឡើង ដោយសមាជិកសភាវៀតណាម។
លោក Thach Phuoc Binh សមាជិកសភា មកពីខេត្ត Vinh Long ភាគខាងត្បូង បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃព្រហស្បតិ៍ថា ការប្រើប្រាស់មាស របស់ប្រទេសវៀតណាម មានចំនួន ៥៥ តោន កាលពីឆ្នាំមុន លើសពីប្រទេសថៃ ដែលមានត្រឹម ៤៨.៨តោន និង ឥណ្ឌូនេស៊ី មានចំនួន ៤៧.៣តោន។
នេះគឺជារយៈពេលបីឆ្នាំ ជាប់គ្នា ដែលអ្នកប្រើប្រាស់វៀតណាម បានទិញមាស ច្រើនជាង៥៥ តោន នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក ដដែល។ តួលេខនេះមានជាគ្រឿងអលង្ការ កាក់ ជាដើម។
យ៉ាងណាមិញ លោកសមាជិកសភា Thach Phuoc Binh បានកត់សម្គាល់ថា មួយភាគធំ នៃមាសទាំងនេះ នៅតែស្ថិតក្នុងសុវត្ថិភាពជាឯកជន ដែលតំណាងឱ្យធនធានដ៏ធំ ដែលមិនត្រូវបានប្រើប្រាស់បាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
តម្លៃមាស នៅប្រទេសវៀតណាម ជាទូទៅ ខ្ពស់ជាងប្រទេសជិតខាង ដែលជួនកាល លើសពីបុព្វលាភ ចំនួន៧៦០ដុល្លារអាមេរិក ក្នុងមួយតំឡឹង នៅឆ្នាំនេះ។ តំណាងរាស្រ្ត រូបនេះ បានសន្មតថា កត្តានេះ មកពីការមិនមានទីផ្សារ តម្លាភាព ទំនើប និង សុវត្ថិភាព សម្រាប់អ្នកវិនិយោគមាស។
លោកបានស្នើឱ្យបង្កើត ការផ្លាស់ប្តូរមាសថ្នាក់ជាតិ ដែលមនុស្សទូទៅមានមាសក្នុងដៃ អាចទទួលបានវិញ្ញាបនបត្រអេឡិចត្រូនិច ដើម្បីធ្វើពាណិជ្ជកម្មបាន។ លោកថា ជាមួយនឹងការផ្លាស់ប្តូរនេះ ផលិតផលវិនិយោគផ្សេងទៀត ក៏អាចត្រូវអភិវឌ្ឍន៍ ផងដែរ ដូចជា មូលនិធិវិនិយោគមាស និង មូលបត្របំណុល ដែលគាំទ្រដោយមាស ជាដើម៕
ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត