អង់គ្លេសចាក់គ្នានៅលើរថភ្លើង របួសធ្ងន់៩នាក់

ឡុងដ៍ ៖ ប៉ូលីសអង់គ្លេសបានចាប់ខ្លួនជនសង្ស័យ ពីរនាក់ បន្ទាប់ពីការចាក់គ្នា នៅលើរថភ្លើង ស្ថិតក្នុងទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃសៅរ៍ បណ្តាលឱ្យមនុស្ស ១០នាក់ រងរបួស ក្នុងនោះ ៩នាក់ ធ្ងន់ធ្ងរ គំរាមកំហែងដល់អាយុជីវិត។

ហេតុការណ៍នេះ បានកើតឡើង នៅស្ថានីយរថភ្លើង ក្នុងទីក្រុងជនបទ ភាគខាងកើត Huntingdon នៃ រដ្ឋ Cambridgeshire។ ប៉ូលីសដឹកជញ្ជូន បានបញ្ជាក់ថា រថភ្លើងកំពុងធ្វើដំណើរពី Doncaster នៅភាគឦសាន ទៅកាន់ស្ថានីយ King’s Cross របស់ទីក្រុងឡុងដ៍ ដែលជាផ្លូវដ៏មមាញឹក តែងតែឃើញមានអ្នកធ្វើដំណើរច្រើន។

ប៉ូលីសដឹកជញ្ជូនអង់គ្លេស បាននិយាយថា អង្គភាពប្រឆាំងភេរវកម្ម កំពុងស៊ើបអង្កេតលើករណីនេះ។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយថា ជាឧប្បត្តិហេតុ “គួរឱ្យរន្ធត់” ដោយលោកអះអាងថា “មានការព្រួយបារម្ភយ៉ាងខ្លាំង”។ លោក Starmer បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ថា «អរគុណទៅកាន់សេវាសង្គ្រោះបន្ទាន់ សម្រាប់ការឆ្លើយតបរបស់ពួកគេ»។

លោក Starmer បានបន្ថែមថា «មនុស្សនៅក្នុងតំបន់ គួរតែធ្វើតាមការណែនាំ របស់ប៉ូលីស»។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Shabana Mahmood បានបញ្ជាក់ថា មនុស្សពីរនាក់ត្រូវបានចាប់ខ្លួន។

យោងតាមទិន្នន័យផ្លូវការ របស់រដ្ឋាភិបាលបានឱ្យដឹងថា ឧក្រិដ្ឋកម្មដោយកាំបិត នៅក្នុងប្រទេសអង់គ្លេស និងវេលស៍ បានកើនឡើងជាលំដាប់ ចាប់តាំងពីឆ្នាំ២០១១។

ខណៈពេលដែលចក្រភពអង់គ្លេសមានការគ្រប់គ្រងកាំភ្លើងដ៏តឹងរ៉ឹងបំផុតមួយ នៅក្នុងពិភពលោក ឧក្រិដ្ឋកម្មដោយកាំបិត កាន់តែរីករាលដាល ហើយ ត្រូវបានលោកនាយករដ្ឋមន្ត្រី Starmer ហៅថា ជា “វិបត្តិជាតិ”៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner