អាមេរិក និងវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការ ការពារជាតិ

ហាណូយ ៖ សហរដ្ឋអាមេរិក និងប្រទេសវៀតណាម បានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress, រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth និងលោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ រួមទាំង ការជួសជុលកេរ្តិ៍ដំណែលសង្រ្គាម និងសន្តិសុខ តាមអ៊ីនធឺណិត ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការ របស់លោក Pete Hegseth នៅវៀតណាម ចាប់ពីថ្ងៃទី២ ដល់ ទី៣ ខែវិច្ឆិកា។

ភាគីទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុងហាណូយ កាលពីថ្ងៃទី២ ខែវិច្ឆិកា។ លោក Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ច របស់លោក Hegseth មានសារសំខាន់ ពោលគឺនៅក្នុងឱកាសខួបលើកទី៣០ នៃ ទំនាក់ទំនងការទូត រវាងវៀតណាម និង អាមេរិក (១៩៩៥-២០២៥)។

លោកបាននិយាយថា ដំណើរទស្សនកិច្ចនេះ រួមចំណែកក្នុងការពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាព រវាងប្រទេសទាំងពីរ ក៏ដូចជា ទំនាក់ទំនងការពារជាតិទ្វេភាគី ផងដែរ។

លោក Hegseth បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកបានគូសបញ្ជាក់ពីសារៈសំខាន់ នៃ ទំនាក់ទំនងការពារជាតិទ្វេភាគី ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់សន្តិភាព, កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ ប្រកបដោយចីរភាព។

ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយកេរ្តិ៍ដំណែលសង្គ្រាម នៅតែជាអាទិភាពកំពូល, ទំនាក់ទំនងលើវិស័យការពារជាតិ រួមចំណែក ក្នុងការកសាងទំនុកចិត្ត រវាងប្រទេស , កងទ័ព និង ប្រជាជន។ លោក Hegseth បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រវៀតណាម ប្រកបដោយសន្តិភាព និងវិបុលភាព ហើយ ប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយ។

ភាគីទាំងពីរបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិទ្វេភាគី ត្រូវបានអនុវត្ត ស្របតាមទិសដៅ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេស និង ក្រសួងនានា ព្រមទាំង ឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រួមទាំង អនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០១១ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិទ្វេភាគី ហើយ នៅឆ្នាំ២០២៤ បានធ្វើបច្ចុប្បន្នភាព សេចក្តីថ្លែងការណ៍រួម វៀតណាម-អាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ។

ភាគីទាំងពីរសម្រេចបានលទ្ធផលវិជ្ជមាន ដូចជា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់, យន្តការពិភាក្សា និងពិគ្រោះយោបល់ទៀងទាត់; កិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាល ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, ឱសថយោធា ជំនួយមនុស្សធម៌, ជំនួយសង្គ្រោះគ្រោះមហន្តរាយ និង ឧស្សាហកម្មការពារជាតិ ក៏ដូចជា ការសម្របសម្រួលក្នុងក្របខ័ណ្ឌពហុភាគី ក្នុងតំបន់ ជាពិសេស កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ហៅកាត់ ADMM+៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner