ហ្វីលីពីន និងកាណាដាចុះកិច្ចព្រមព្រៀងកងទ័ព
ម៉ានីល ៖ ប្រទេសហ្វីលីពីន និងប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងកងទ័ព ទាក់ទងនឹងការចូលរួមធ្វើសមយុទ្ធ និងសកម្មភាពយោធាផ្សេងៗទៀត។
នេះជាកិច្ចព្រមព្រៀង «កងកម្លាំងបំពេញទស្សនកិច្ចរួមគ្នា» ហើយ បានធ្វើឡើង បន្ទាប់ពីកងទ័ពជើងទឹកកាណាដា បានចាប់ផ្ដើមចូលរួម ក្នុងការល្បាតដែនសមុទ្ររួមគ្នា ក្នុងតំបន់ ជាមួយសមភាគីអាមេរិក អូស្ត្រាលី ជប៉ុន និងហ្វីលីពីន កាលពីឆ្នាំមុន។
កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យកងទ័ពកាណាដា ចូលរួមក្នុងសមយុទ្ធរួមគ្នា នៅលើដី ផងដែរ។ រដ្ឋមន្ត្រីការពារជាតិកាណាដា លោក David McGuinty បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយយោធាហ្វីលីពីន ខណៈពេលដែលការជំរុញយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក របស់ទីក្រុងអូតាវ៉ា ដែលអំពាវនាវឱ្យមាន “វត្តមានឆ្ពោះទៅមុខនៅក្នុងតំបន់” ។
លោកបានប្រាប់សន្និសីទសារព័ត៌មានរួម នៅទីក្រុងម៉ានីលថា «យើង នឹងឆ្ពោះទៅមុខ លើផ្នែកហ្វឹកហ្វឺន លើការផ្លាស់ប្តូរ ជាមួយមហាវិទ្យាល័យយោធា របស់យើង ការចែករំលែកព័ត៌មាន ស្តីពីការយល់ដឹងអំពីសុវត្ថិភាពអ៊ីនធឺណិត»។
លោកបានបន្ថែមថា ប្រទេសកាណាដា រំពឹងបានចូលរួម ក្នុងសមយុទ្ធយោធា Balikatan ប្រចាំឆ្នាំ របស់ប្រទេសប្រជុំកោះ នៅនិទាឃរដូវក្រោយ។
ហ្វីលពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញា របស់សហរដ្ឋអាមេរិក ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច ជាមួយនូវែលសេឡង់ កាលពីដើមឆ្នាំនេះ ហើយ មានកិច្ចព្រមព្រៀមបែបនេះ រួចហើយ ជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី និង ជប៉ុន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
