ឯកឧត្តម លី ច័ន្ទតុលា ដាក់ចេញវិធានការ ៤ ចំណុច សំដៅលើកកម្ពស់អភិបាលកិច្ច និងគុណភាពសាលារៀន

(កំពង់ធំ)÷ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យស្ទឹងសែន នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះមានការចូលរួមពីអាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុប ១.៣៩០ នាក់។

ឯកឧត្តម លី ច័ន្ទតុលា បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការពង្រឹងវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគណនេយ្យភាព។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការគន្លឹះចំនួន ៤ ដើម្បីពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដោយផ្តោតលើ៖
ការពង្រឹងអភិបាលកិច្ចសាលារៀន។
ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោង ដើម្បីពង្រឹងចំណេះដឹង វិន័យ និងសីលធម៌សិស្ស។
ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការត្រួតពិនិត្យគុណភាពចំណីអាហារ។

ការជំរុញការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ។
ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រ ប្រកបដោយវិន័យ សីលធម៌ និងឥរិយាបថថ្លៃថ្នូរ សមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

ដោយ ៖ ប៊ុន រដ្ឋា

ads banner