ឯកឧត្ដម ថោ ជេដ្ឋា ប្រកាស កសាង អគារសិក្សា ១ខ្នង ៥បន្ទប់ នៅ វិទ្យាល័យ រស្មីសោភ័ណ

(កំពង់ធំ)÷ ឯកឧត្ដម ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បាន ជំរុញ និង លើក ទឹក ចិត្ត យ៉ាង ខ្លាំង ដល់ សិស្សានុសិស្ស ទាំងអស់ ឲ្យ ខិតខំ សិក្សា រៀនសូត្រ រហូត ដល់ ចប់ ជំនាញ វិជ្ជាជីវៈ ឬ ថ្នាក់ មហាវិទ្យាល័យ ដើម្បី ត្រឡប់ មក ចូលរួម អភិវឌ្ឍ មូលដ្ឋាន ស្រុក កំណើត របស់ ខ្លួន វិញ។

ការ លើក ឡើង នេះ ខណៈ ឯកឧត្ដម អញ្ជើញ ជា អធិបតីភាព ក្នុង ពិធី សំណេះសំណាល ផ្ដល់ រង្វាន់ លើកទឹកចិត្ត ដល់ សិស្ស និទ្ទេស A ចំនួន ១៥ នាក់ នៅ ទូទាំង ស្រុក ស្ទោង និង បើក បវេសនកាល សិក្សា ឆ្នាំថ្មី ២០២៥-២០២៦ នៅ វិទ្យាល័យ រស្មីសោភ័ណ កាលពី ព្រឹក ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ឯកឧត្ដម ថោ ជេដ្ឋា សង្កត់ធ្ងន់ ថា ការ សិក្សា រៀនសូត្រ ពេញលេញ ជាពិសេស រៀន ដល់ ចប់ បំណិន វិជ្ជាជីវៈ ឬ មហាវិទ្យាល័យ នឹង ជួយ លើកកម្ពស់ សុខុមាលភាព និង ជីវភាព របស់ សិស្ស និង ក្រុមគ្រួសារ ទៅ ថ្ងៃ អនាគត។ ជាមួយ គ្នា នេះ ឯកឧត្ដម ក៏បាន ជំរុញ ដល់ ឪពុកម្ដាយ និង អាណាព្យាបាល ទាំងអស់ ឲ្យ ផ្ដល់ ឱកាស ពេញលេញ ដល់ បុត្រ ធីតា របស់ ខ្លួន ក្នុង ការ សិក្សា។

ចំពោះ លោកនាយក លោកគ្រូ អ្នកគ្រូ ឯកឧត្ដម បាន ណែនាំ ឲ្យ មាន ផែនការ ច្បាស់លាស់ ក្នុង ការ តម្រង់ទិស សិស្សានុសិស្ស ទៅ តាម ចំណង់ ចំណូលចិត្ត និង ជំនាញ របស់ ពួកគេ ចាប់តាំងពី ថ្នាក់ មធ្យមសិក្សា បឋមភូមិ រហូតដល់ ចប់ មធ្យមសិក្សា ទុតិយភូមិ ដើម្បី ឲ្យ ពួកគេ មាន គ្រឹះ ដ៏ រឹងមាំ មុន ឈាន ជើង ចូល សាលា វិជ្ជាជីវៈ ឬ មហាវិទ្យាល័យ ប្រកបដោយ គុណភាព។

លើសពីនេះ ក្នុងនាម ប្រធាន ក្រុមការងារ ចុះ មូលដ្ឋាន ស្រុក ស្ទោង ឯកឧត្ដម បាន ប្រកាស គម្រោង សាងសង់ អគារ សិក្សា ថ្មី មួយ ខ្នង ៥ បន្ទប់ បន្ថែម ទៀត ជូន ដល់ វិទ្យាល័យ រស្មីសោភ័ណ ដើម្បី ឆ្លើយតប នឹង តម្រូវការ និង កំណើន សិស្សានុសិស្ស ដែល កំពុង ខ្វះខាត បន្ទប់ សិក្សា។

ក្នុង ឱកាស ដ៏ វិសេសវិសាល នេះ ឯកឧត្ដម ក៏បាន ឧបត្ថម្ភ នូវ អំណោយ ជាច្រើន ដូចជា៖ សិស្ស និទ្ទេស A ១៥ នាក់ ម្នាក់ៗ ទទួល បាន កុំព្យូទ័រ Laptop ១ គ្រឿង និង ថវិកា ៤០ ម៉ឺន រៀល។ សិស្ស សាលា ២.០១២ នាក់ ម្នាក់ៗ ទទួល បាន ថវិកា ១ ម៉ឺន រៀល។ វិទ្យាល័យ ទាំង ៤ ក្នុង ស្រុក ស្ទោង មួយ វិទ្យាល័យ ទទួល បាន ថវិកា ២ លាន រៀល ។ វិទ្យាល័យ រស្មីសោភ័ណ ទទួល បាន តុកៅអី សិស្ស ១០ ឈុត កង្ហារ ភ្ជួរ ជញ្ជាំង ១០ គ្រឿង បាល់ទាត់ និង បាល់បោះ ២០គ្រាប់ សៀវភៅ សរសេរ ១.០០០ ក្បាល ប៊ិច ២.០០០ ដើម និង ក្រដាស រ៉ាម ១០ កេះ។ លោកគ្រូ អ្នកគ្រូ វិទ្យាល័យ រស្មីសោភ័ណ្ឌ ៦២ នាក់ ម្នាក់ៗ ទទួល បាន ថវិកា ៥ ម៉ឺន រៀល ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner