មេធំស៊ីរីនឹងហោះទៅសេតវិមានដើមខែនេះ
ដាម៉ាស់ ៖ ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa នឹងចាកចេញពីប្រទេសទៅបំពេញទស្សនកិច្ចនៅសេតវិមាន នាដើមខែវិច្ឆិកានេះ ហើយការកសាងប្រទេសឡើងវិញ គឺជារបៀបវារៈកំពូលរបស់គាត់។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asad al-Shaibani កាលពីថ្ងៃអាទិត្យ។
ការស្តារប្រទេសស៊ីរីឡើងវិញ ក្រោយសង្គ្រាមស៊ីវិលដ៏រុំារ៉ៃជាង ១៣ឆ្នាំមកនេះ អាចនឹងត្រូវចំណាយលុយដល់ទៅ ២១៦ពាន់លានដុល្លារ នេះបើយោងតាមការព្យាកររបស់របាយការណ៍នៃធនាគារពិភពលោក (WB)។
ប្រមុខការទូតកំពូលស៊ីរីបន្ថែមថា នៅពេលលោកប្រធានាធិបតី Sharaa ទៅដល់សហរដ្ឋអាមេរិក មានបញ្ហាជាច្រើនដែលត្រូវលើកដាក់លើតុពិភាក្សា ហើយចាប់ផ្តើមដំបូងជជែកពីការដកទណ្ឌកម្ម និងការបើកប្រវត្តិសាស្រ្តថ្មីមួយក្នុងទំនាក់ទំនងរវាងអាមេរិក និងស៊ីរី ខណៈដែលទីក្រុងដាម៉ាស់ចង់បង្កើតភាពជាដៃគូដ៏រឹងមាំរវាងប្រទេសទាំងពីរឡើងវិញ។
បើតាមសម្តីរបស់លោក Tom Barrack ដែលជាបេសកជនពិសេសរបស់សហរដ្ឋអាមេរិក, លោកប្រធានាធិបតីស៊ីរី Sharaa នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ហើយក្រោយមក មន្ត្រីសេតវិមានម្នាក់ក៏បានអះអាងដែរថា ដំណើរទស្សនកិច្ចនេះទំនងជាធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ។
ចាប់តាំងពីដណ្តើមអំណាចពីមេដឹកនាំផ្តាច់ការស៊ីរី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ លោកប្រធានាធិបតី Sharaa បានធ្វើដំណើរទៅក្រៅប្រទេសជាបន្តបន្ទាប់ ខណៈដែលរដ្ឋាភិបាលអន្តរកាលរបស់គាត់កំពុងដុតដៃដុតជើងបង្កើតទំនាក់ទំនងឡើងវិញជាមួយប្រទេសមហាអំណាចពិភពលោក ដែលបានកាត់ផ្តាច់សម្ព័ន្ធភាពជាមួយស៊ីរី អំឡុងរបបដឹកនាំរបស់លោក Assad។
គួរបញ្ជាក់ថា សង្រ្គាមស៊ីវិលស៊ីរីដែលបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ ដោយសារការគាបសង្កត់យ៉ាងឃោរឃៅនៃរបបដឹកនាំផ្តាច់ការរបស់អតីតប្រធានាធិបតីស៊ីរី លោក Assad ចំពោះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលគាត់ បានសម្លាប់មនុស្សជាងកន្លះលាននាក់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះធំធេង។
ទន្ទឹមគ្នា ធនាគារពិភពលោកក៏បានប៉ាន់ប្រមាណដែរថា ការចំណាយលើការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម គឺធំជាងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ២០២៤ ដែលបានព្យាករដោយប្រទេសស៊ីរីដល់ទៅ ១០ដងឯណោះ៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា