សម្ដេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់អ្នកលក់ម្ហូបអាហារ យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូបអាហារ

(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់អ្នកលក់ម្ហូបអាហារ ចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក និងយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពម្ហូបអាហារ ។ ការណែនាំនេះ តាមរយៈសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ (៦ វិច្ឆិកា ២០១៤-៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ«អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែវិច្ជិកា ឆ្នាំ២០២៥ ។

តាមសារលិខិតនេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយយកចិត្តទុកដាក់ខ្ពស់ក្នុង ការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ឱ្យមានអនាម័យ មានសុវត្ថិភាព និងមានគុណភាព ស្របតាមស្តង់ដា បច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ស្របតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។

សម្តេចធិបតី ក៏បានណែនាំដល់ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់អាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ តាមរយៈសកម្មភាពនានា ដូចជាការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការគាំទ្រសហគមន៍តំបន់ ការពារធម្មជាតិ ការគ្រប់គ្រងតំបន់អេកូទេសចរណ៍ ការពង្រីកចលនាដាំដើមឈើដើម្បីបង្កើនគម្របបៃតង និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឆ្ពោះទៅរកអព្យាក្រឹតកាបូន ដោយអនុវត្តតាមអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner