ពិភពលោកតក់ស្លុតខ្លាំង ក្រោយលឺថា សង្គ្រាមស៊ូដង់ផ្តាច់ជីវិតមនុស្សអស់ ១៥ម៉ឺននាក់
អែល ហ្វាហ្ស៊ឺ ៖ សហរដ្ឋអាមេរិកបានប៉ាន់ស្មានកាលពីឆ្នាំ ២០២៤ ថា មនុស្សដល់ទៅ ១៥០,០០០នាក់ត្រូវបានសម្លាប់យ៉ាងរង្គាលក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់ ប៉ុន្តែតួលេខនេះ ត្រូវបានគេរំពឹងថា ទំនងជាខ្ពស់ជាងនេះទៅទៀត នេះបើតាមប្រភពពី BLOOMBERG។
បន្ទាប់ពីលឺរឿងរ៉ាវដ៏រន្ធត់នេះ ភ្លាមៗមេដឹកនាំពិភពលោកបានបញ្ចេញសំឡេងយ៉ាងកងរំពងអំពាវនាវយ៉ាងទទូចឱ្យមានការចរចាឡើងវិញ ដើម្បីបញ្ឈប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ូដង់ ចំពេលមានរបាយការណ៍បន្តបន្ទាប់ ជុំវិញអំពើប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅនៅក្នុងទីក្រុងមួយ ដែលទើបតែត្រូវបានក្រុមយោធាប៉ារ៉ា ឬកងកម្លាំងគាំទ្ររហ័ស (RSF) វាយដណ្តើមកាន់កាប់ពីកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF)។
ចាប់តាំងពីការដណ្តើមបានទីក្រុង El-Fasher នៅភាគខាងលិចប្រទេសស៊ូដង់នៅថ្ងៃទី២៦ ខែតុលា កងកម្លាំងគាំទ្ររហ័ស (RSF) ត្រូវបានគេចោទប្រកាន់ពីបទសម្លាប់មនុស្សយ៉ាងរង្គាលរាប់ពាន់នាក់ ខណៈដែលជនស៊ីវិលប្រហែល ៣០,០០០នាក់បង្ខំចិត្តភៀសខ្លួនចេញពីទីក្រុង ដែលរងគ្រោះដោយគ្រោះទុរ្ភិក្សនៃរដ្ឋ North Darfur។
តួលេខពីអង្គការសហប្រជាជាតិបានប៉ាន់ស្មានថា មនុស្សជាង ១៥០,០០០នាក់ត្រូវបានសម្លាប់ និង ១៤លាននាក់ទៀតបង្ខំចិត្តរត់ចោលផ្ទះសម្បែងទៅតំបន់មានសុវត្ថិភាព។ ក្រៅពីការសម្លាប់រង្គាល ក៏មានសេចក្តីរាយការណ៍ដែរថា កងកម្លាំង RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់ និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ។
អំពើប្រល័យពូជសាសន៍ថ្មីមួយបានកើតឡើងនៅប្រទេសស៊ូដង់ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ដោយគ្មានក្តីមេត្តា ទាំងគ្មានទោសកំហុស សូម្បីតែកុមារតូចៗក៏មិនលើកលែងផងដែរ។
យោងតាមរបាយការណ៍របស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA), សោកនាដកម្មដ៏សាហាវបំផុតមួយបានកើតឡើងនៅថ្ងៃទី២៩ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធ RSF សំរុកចូលមន្ទីរពេទ្យសម្ភព El-Fasher សម្លាប់មនុស្សប្រហែល ៤៦០នាក់។ យ៉ាងណា អ្នកនៅកន្លែងកើតហេតុប្រាប់ថា តួលេខអ្នកស្លាប់ពិតប្រាកដ គឺខ្ពស់ជាងនេះឆ្ងាយណាស់៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា





