ខេត្តស្ទឹងត្រែង បើកយុទ្ធនាការរត់ចម្ងាយ ៥គីឡូម៉ែត្រ«ដើម្បីក្មេងស្រី និងអ្នកទាំងអស់គ្នា»
(ខេត្តស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត លោក យី គីមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និង មានអ្នកចូលរួមប្រមាណ ១ពាន់ ៥០០នាក់ នៅក្នុងយុទ្ធនាការ នៃកម្មវិធី «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរ ទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ នៅថ្ងៃអាទិត្យទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការគាំទ្រពី ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តស្ទឹងត្រែង រួមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ផងដែរ។
យុទ្ធនាការ «ដើម្បីក្មេងស្រី និងអ្នកទាំងអស់គ្នា» នាពេលនេះ គឺមានការរៀបចំឲ្យរត់លើចម្ងាយផ្លូវ ៥គីឡូម៉ែត្រ ជុំវិញក្រុងស្ទឹងត្រែង ហើយយុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ការគាំទ្រ ពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនគ្រប់រូប ជាពិសេសបុរស និងក្មេងប្រុស ក្នុងការអនុញ្ញាតឱ្យក្មេងស្រី ទទួលបានឱកាសពេញលេញ ដើម្បីអនុវត្តនូវសិទ្ធិ និងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ព្រមទាំងបង្កើនការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីឱ្យក្មេងស្រីក្លាយជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌ សុជីវធម៌ និងសីលធម៌ នៅក្នុងការអភិវឌ្ឍជីវភាពរបស់ខ្លួននិងក្រុមគ្រួសារ ព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕
ដោយ ៖ ឡុង សំបូរ














