អាមេរិកផ្តល់ ៣លានដុល្លារជួយគុយបា ដែលរងគ្រោះពីព្យុះ
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានប្រកាសផ្តល់ជំនួយ ចំនួន ៣លានដុល្លារ សម្រាប់ប្រជាជនគុយបា ដែលរងផលប៉ះពាល់ដោយព្យុះសង្ឃរា។
ព្យុះ Melissa បានបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ៥៩ នាក់ស្លាប់ និងការបំផ្លិចបំផ្លាញដ៏ធំ នៅទូទាំងតំបន់ការ៉ាប៊ីន ក្នុងសប្តាហ៍នេះ។ គុយបា បានជម្លៀសអ្នកស្រុក ជាង៧០ម៉ឺននាក់ តែ មកទល់ពេលនេះ បានរាយការណ៍ថា មិនមានអ្នកស្លាប់ទេ។ ប៉ុន្តែ ខេត្តមួយចំនួន នៅភាគខាងកើត បានរងការខូចខាត យ៉ាងច្រើន ដល់ផ្ទះ, ហេដ្ឋារចនាសម្ព័ន្ធ និង ដំណាំ។
ការិយាល័យកិច្ចការអឌ្ឍគោលខាងលិច របស់ក្រសួងការបរទេសអាមេរិក បានបង្ហោះ នៅលើបណ្តាញសង្គម X ថា «សហរដ្ឋអាមេរិកកំពុងសម្របសម្រួល ជាមួយព្រះវិហារកាតូលិក ក្នុងការចែកចាយជំនួយមនុស្សធម៌ចំនួន ៣លានដុល្លារដោយផ្ទាល់ ទៅកាន់អ្នកដែលនៅភាគខាងកើត ប្រទេសគុយបា ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយការបំផ្លិចបំផ្លាញ ពី ព្យុះ»។
ប្រភពបានបន្ថែមថា «ការអធិស្ឋានរបស់យើង គឺជាមួយប្រជាជនគុយបា ដ៏ក្លាហាន»។
ជាការកត់សម្គាល់ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើកោះ ដែលដឹកនាំដោយកុម្មុយនិស្ត អស់រយៈពេលជាង ៦ទសវត្សរ៍ មកហើយ។
តែ កាលពីថ្ងៃសុក្រ ក្រសួងការបរទេសបាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយដល់ប្រទេសគុយបា ដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ “ដោយផ្ទាល់ និង តាមរយៈដៃគូក្នុងស្រុក” ដោយមិនឆ្លងកាត់រដ្ឋាភិបាលឡើយ។
កាលពីមុន ព្រះវិហារកាតូលិកបានបម្រើ ជាទៀងទាត់ ជាអ្នកសម្រុះសម្រួល រវាងសត្រូវមនោគមវិជ្ជា ទាំងពីរ។
នៅក្នុងសប្តាហ៍នេះ ក្រុមឆ្លើយតបគ្រាអាសន្ន របស់សហរដ្ឋអាមេរិក ក៏ត្រូវបានបញ្ជូន ទៅកាន់ទីតាំងការីប៊ីន ផ្សេងទៀតផងដែរ រួមមាន ប្រទេស ចាម៉ៃកា ហៃទី និង បាហាម៉ាស៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
