កំណាត់ផ្លូវ ៣ខ្សែ ក្នុងរាជធានីភ្នំពេញ នឹងត្រូវបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅសប្តាហ៍ក្រោយ ដើម្បីរៀបចំប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវចំនួន ៣ខ្សែ ក្នុងភូមិសាស្រ្តរាជធានីភ្នពេញ នៅសប្តាហ៍ក្រោយ ដើម្បីរៀបចំប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឲ្យមានរបៀបរៀបរយ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដូនពេញ និងខណ្ឌចំការមន រាជធានីភ្នំ ពេញ ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដើម្បីឲ្យការប្រារព្ធពិធីទាំងពីរនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតាមកំណាត់មហាវិធីព្រះសុរាម្រឹត, កំណាត់មហាវិធីព្រះសីហនុ ចាប់ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញទឹក និងកំណាត់មហាវិធីព្រះនរោត្តម ចាប់ពីផ្លូវលេខ ២៤០ រហូតដល់រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូលដល់ផ្លូវលេខ ២៩៤ ដែលចាប់ផ្តើមផ្អាកពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ពិធីប្រារព្វទិវាបុណ្យឯករាជ្យជាតិ ។

រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់យោគយល់អាធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវទាំង ៣ខ្សែនោះ ទៅតាមកាលបរិច្ឆេទនៃការរៀបចំពិធីបុណ្យ ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ ។

សាលារាជធានីភ្នំពេញ នូវបានបញ្ជាក់ដល់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌចំការមន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្រោយទទួលបានដំណឹងនេះ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ឯកសារ


