ឆ្នាំ២០២៥ក្រុមហ៊ុនអាយប៊ីសរ៉ាស(IBIS RICE)នឹងប្រមូលទិញស្រូវអង្ករ មិត្តភាពសង្រ្គោះសត្វត្រយ៉ងពីកសិករប្រមាណ ៤ពាន់តោន ដែលក្នុងនេះទីផ្សារធំបំផុតគឺនាំអង្ករទៅលក់នៅប្រទេសអឺរ៉ុប
(មណ្ឌលគិរី)៖ តាមការប៉ាន់ប្រមាណសម្រាប់អង្ករវមិត្តភាពសង្រ្គោះសត្វត្រយ៉ងរបស់ក្រុមហ៊ុនអាយប៊ីសរ៉ាស (Ibis rice អង្ករត្រយ៉ងយក្ស) ក្នុងឆ្នាំ២០២៥នេះ នឹងប្រមូលទិញពីកសិករប្រមាណ ៤ពាន់តោនដើម្បីកិនជាអង្ករលក់ទៅកាន់ទីផ្សារអឺរ៉ុប អាស៊ី និងមួយចំនួនលក់ក្នុងប្រទេសកម្ពុជា និងយ៉ាងហោចណាស់ការនាំអង្ករចេញទៅលក់ប្រមាណជិត ៣ពាន់តោនផងដែរ ។

គួរបញ្ជាក់ថា ដើម្បីអភិរក្សសត្វដ៏កម្រ សត្វត្រយ៉ងយក្សនេះ ក្រសួងបរិស្ថាន សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)ក្នុងការផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ។ បច្ចុប្បន្នគម្រោងបានអនុវត្តន៍នៅក្នុងខេត្ត ចំនួន ៤ រួមមានព្រះវិហារ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី ដែលមានសមាជិកសរុប ជិត ៣០០០គ្រួសារ ។

លោក ឡាយ ចាន់ស៊ីថា អ្នកមើលការខុសត្រូវគុណភាពអង្ករស្រូវមិត្តភាពសង្រ្គោះសត្វត្រយ៉ងរបស់ក្រុមហ៊ុនអាយប៊ីសរ៉ាស (Ibis rice អង្ករត្រយ៉ងយក្ស)បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖សមាជិកសហគមន៍ដែលផលិតស្រូវនេះចាំបាច់ត្រូវគោរពតាមលក្ខខណ្ឌមិត្តភាពសង្រ្គោះសត្វព្រៃ រួមមានការមិនបរបាញ់ ជួញដូរ និងបរិភោគសត្វព្រៃ ការមិនប្រើប្រាស់ និងជួញដូរផលិតផលព្រៃឈើ ការកាប់ទ្រ្ទានដីព្រៃខុសច្បាប់ និងការមិនប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទ។ អនុវត្តតាមនេះ ក្រុមហ៊ុនឯកភាពប្រមូលទិញស្រូវផលិតបានក្នុងតម្លៃ ខ្ពស់ជាងទីផ្សារ ដើម្បីកិន និងវេចខ្ចប់ចូលទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសក្រៅ។

លោកថាស្រូវក្រោយកិនរួច ត្រូវបានវេចខ្ចប់ដោយដាក់ឈ្មោះថា អាយប៊ីសរ៉ាស (Ibis rice អង្ករត្រយ៉ងយក្ស) ជាអង្ករសិរីរាង្គ។ ក្រៅពីការលក់នៅក្នុងស្រុក ផលិតផលអាយប៊ីសរ៉ាយ ក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិច កាណាដា សិង្ហបុរី និងហុងកុង។ គម្រោងស្រូវនេះ បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន។

លោកបានប្រាប់ថានៅក្នុងប្រទេសកម្ពុជា គម្រោងស្រូវសត្វត្រយ៉ងបានអនុវត្តន៍ដោយ អង្គការសមាគមន៍អភិរក្សសត្វព្រៃ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថានបានធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារអស់រយៈពេលជាង១៥ឆ្នាំ ដើម្បីអភិវឌ្ឍន៍ កម្មវិធីលើកកម្ពស់ជីវភាព ដែលបានផ្សារភ្ជាប់ជាមួយការអភិរក្ស ដែលផលប្រយោជន៍ជាសាច់ប្រាក់សម្រាប់ប្រជាជនមូលដ្ឋាន។
លោកបានឱ្យដឹងបន្ដឱ្យដឹងថា៖”អង្ករសរីរាង្គទាំងនេះបាននាំចេញទៅលក់លើទីផ្សារអឺរ៉ុបជាង៩០ភាគរយ។ក្រៅពីការនាំអង្ករចេញលក់ គេក៏អាចកែច្នៃអង្ករទាំងនេះផលិតជានំក្នុងការលក់លើទីផ្សារទាំងក្នុងស្រុក និង ក្រៅប្រទេសដូចគ្នា។ការផលិតនំមានច្រើនបែប ចំណែកការលក់អង្ករវិញមានការច្រកជាថង់ចាប់ពីកន្លះគីឡូក្រាមដល់៥០គីឡូក្រាម”។
បើតាមលោកលោក ឡាយ ចាន់ស៊ីថាបច្ចុប្បន្ននេះអាយប៊ីសរ៉ាស បានធ្វើការជាមួយកសិករជិត៣ពាន់គ្រួសារហើយក្នុងនេះរួមមាន៤ខេត្តដូចជាព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ទាំងជិត៣ពាន់គ្រួសារនេះពួកគាត់អនុវត្តគោលការណ៍សរីរាង្គ អភិរក្សយ៉ាងខ្ជាប់ខ្ជួន។
ទាក់ទិនក្នុងការទិញស្រូវពីប្រជាកសិករវិញត្រូវបានលោក ឡាយស៊ីថាលើកឡើងថាបច្ចុប្បន្ននេះការទិញស្រូវពីកសិករមានទីផ្សារគ្រប់គ្រាន់ពោលគឺនៅខ្វះតែផលិតផលលក់តែប៉ុណ្ណោះ ហេតុនេះជាគោលដៅនឹងជំរុញឱ្យកសិករផលិតបន្ថែមដើម្បីបង្រ្គប់លើទីផ្សារ។សម្រាប់ស្រូវប្រភេទនេះបច្ចុប្បន្នមានតម្លៃខ្ពស់ពោលគឺមួយគីឡូក្រាមមានតម្លៃប្រមាណ២ពាន់រៀលឯណោះដែលជាតម្លៃមួយខ្ពស់។ការនាំអង្ករអាយប៊ីសរ៉ាសមាននាំទៅអឺរ៉ុប ហើយក្រៅពីនេះក៏មានទៅកាន់ទីផ្សារប្រទេសមួយចំនួនទៀតដូចជា សិង្ហបុរី កោះតៃវ៉ាន់ ប្រទេសចិន និងសូម្បីតែថៃ។ក្នុងចំណោមនេះការនាំចេញច្រើនបំផុតគឺទៅបណ្តាប្រទេសអ៊ឺរ៉ុប។
ក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅកាន់ខេត្តមណ្ឌលគិរីនាថ្មីៗមកនេះ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាក្រសួងបរិស្ថាននឹងរៀបចំរបៀងទេសចរណ៍ធម្មជាតិតាមសហគមន៍នៅខេត្តមណ្ឌលគិរីនេះ ជាផ្នែកមួយដែលធានា និងជួយលើកស្ទួយដល់ជីវភាព ប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ ។
គួរបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ព្រៃឈើនិងការរេចរិលនៃព្រៃឈើ (REDD+) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ គម្រោងនេះផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ពង្រឹងសមត្ថភាពអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋាន ការលើកកម្ពស់ជីវភាពសហគមន៍ និងការស្រាវជ្រាវនិងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម៕
ដោយ ៖ ម៉ាដេប៉ូ
