ប៉ាគីស្ថានចាយ ៦.៥ ពាន់លានដុល្លារទិញនាវាមុជទឹកចិន
អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថានបានចំណាយលុយដល់ទៅ ៦.៥ពាន់លានដុល្លារ បញ្ជាទិញនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត-អគ្គិសនីផលិតដោយប្រទេសចិនចំនួន ៨គ្រឿង ដោយកងទ័ពជើងទឹកប៉ាគីស្ថានមានគម្រោងដាក់ដំណើរការនាវាមុជទឹកដំបូងជាផ្លូវការនៅឆ្នាំ ២០២៦។
បើតាមការចេញផ្សាយដោយសារព័ត៌មាន The straits times, មូលហេតុដែលប៉ាគីស្ថានចំណាយលុយរាប់ពាន់លានដុល្លារទិញនាវាមុជទឹកពីចិន គឺក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិប្រជែងនឹងគូសត្រូវក្នុងតំបន់របស់ខ្លួនគឺឥណ្ឌា ហើយក៏ជាផែនការប្រកបដោយមហិច្ឆិតាក្នុងការពង្រីកឥទ្ធិពលឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា។
ស្ថិតក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ នាវាមុជទឹកចម្បាំងប្រើប្រេងម៉ាស៊ូត និងអគ្គិសនីចំនួន៤គ្រឿងដំបូង នឹងត្រូវសាងសង់នៅក្នុងទឹកដីប្រទេសចិន ហើយនាវាមុជទឹកនៅសល់ប៉ុន្មានគ្រឿងទៀត នឹងត្រូវដំឡើងនៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន ក្នុងគោលបំណងកែលម្អសមត្ថភាពបច្ចេកទេសរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
បច្ចុប្បន្នប៉ាគីស្ថានបានដាក់ដំណើរការសាកល្បងនាវាមុជទឹកចំនួន ៣គ្រឿងរួចហើយ ចូលទៅក្នុងទឹកទន្លេ Yangtze របស់ប្រទេសចិន ចេញពីទីតាំងផលិតនាវាមួយកន្លែងនៅតំបន់ភាគកណ្តាលខេត្ត Hubei។
កិច្ចព្រមព្រៀងទិញនាវាមុជទឹកនេះដែរ កើតឡើងបន្ទាប់ពីកងទ័ពអាកាសប៉ាគីស្ថាន កាលពីខែឧសភា បានមើលឃើញពីអនុភាពយន្តហោះចម្បាំងចិន J-10 ដែលអាចបាញ់ទម្លាក់យន្តហោះចម្បាំង Rafale របស់កងទ័ពអាកាសឥណ្ឌាដែលបានទិញពីបារាំង ធ្វើឱ្យផ្ទុះការវែកញែកអំពីអនុភាពយន្តហោះចម្បាំងលោកខាងលិច ធៀបនឹងយន្តហោះចម្បាំងចិន។
ក្រៅពីយន្តហោះចម្បាំង បច្ចុប្បន្នឥណ្ឌាក៏កំពុងដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផលិតក្នុងស្រុកចំនួន ៣គ្រឿងផងដែរ រួមជាមួយនឹងប្រភេទនាវាមុជទឹកពិឃាតប្រើប្រេងម៉ាស៊ូតចំនួន ៣គ្រឿង ដែលត្រូវបានទិញ ឬអភិវឌ្ឍអស់ជាច្រើនទសវត្សរ៍ជាមួយប្រទេសបារាំង អាល្លឺម៉ង់ និងរុស្ស៊ី។
លោកឧត្តមនាវីឯកប៉ាគីស្ថាន Naveed Ashraf បានប្រាប់សារព័ត៌មាន Global Times ក្នុងបទសម្ភាសន៍ចេញផ្សាយកាលពីថ្ងៃអាទិត្យថា ស្ថិតក្រោមកិច្ចព្រមព្រៀងដែលប៉ាគីស្ថាននឹងទទួលបាននាវាមុជទឹកប្រភេទ Hangor-class ចំនួន៨គ្រឿងនៅឆ្នាំ ២០២៨ បាននឹងកំពុងតែដំណើរការយ៉ាងរលូន ហើយថា កងនាវាមុជទឹកទាំងនោះ នឹងជួយលើកកម្ពស់សមត្ថភាពល្បាតដែនទឹកនៅសមុទ្រអារ៉ាប់ខាងជើង និងមហាសមុទ្រឥណ្ឌា។
គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថានគឺជាអតិថិជនទិញគ្រឿងសព្វាវុធកំពូលរបស់ប្រទេសចិនជាយូរមកហើយ។ តួយ៉ាង នៅចន្លោះឆ្នាំ ២០២០ដល់២០២៤ ប៉ាគីស្ថានបានបញ្ជាទិញច្រើនជាង ៦០ភាគរយនៃការនាំចេញគ្រឿងសព្វាវុធសរុបរបស់ចិន។ នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា