ក្រសួងប្រៃសណីយ៍៖វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥នឹងប្រារព្ធនៅដើមខែក្រោយ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)ប្រកាសឱ្យដឹងថា នឹងរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” ជាព្រឹត្តិការណ៍អមក្នុង “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រខាងមុខ។
បើតាមក្រសួងប្រៃសណីយ រៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្តល់ឱកាសជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា នូវការពិភាក្សាអំពីគោលនយោបាយពាក់ព័ន្ធនឹងអ៊ីនធឺណិតថ្នាក់ជាតិ និងជំរុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងពិភពលោក។
វេទិកាថ្នាក់ជាតិនេះ មានមូលបទស្តីពី “ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន” ដោយបែងចែកមូលបទរងចំនួនបី រួមមាន ១) សុវត្ថិភាពលើប្រព័ន្ធអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិមិត្ត (AI) ២) ការតភ្ជាប់អ៊ីនធឺណិតជាសកលនិងប្រកបដោយអត្ថន័យ និង ៣) ការលើកកម្ពស់យុវជនសម្រាប់អនាគតឌីជីថល។
ក្រសួងប្រៃសណីយ៍បានប្រាប់ដល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យចូលរួមសហការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល ចំនួន ១២ ក្រោមមូលបទនិងមូលបទរងខាងលើដោយធ្វើការដាក់ពាក្យតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/callforsessions ឬ ស្កេន QR Code ដូចមានភ្ជាប់ជូនខាងក្រោម ត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
“វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ៕
ដោយ៖ ង៉ាន់ ទិត្យ
