កូរ៉េខាងត្បូង បង្ហោះផ្កាយរណបចារកម្មទី ៥ តាមដានការអភិវឌ្ឍមីស៊ីល-នុយក្លេអ៊ែរកូរ៉េខាងជើង

សេអ៊ូល ៖ កូរ៉េខាងត្បូងប្រកាសទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះបញ្ជូនផ្កាយរណបឈ្លបយកការណ៍ទី៥ទៅកាន់ទីអវកាស ក្នុងគោលបំណងចម្បងគឺពង្រឹងសមត្ថភាពស៊ើបការណ៍ពីកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃអាទិត្យថា ផ្កាយរណបយោធាកូរ៉េខាងត្បូងត្រូវបានបញ្ជូនចូលគន្លងតារាវិថីដូចការគ្រោងទុក បន្ទាប់ពីបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុក្តែត SpaceX នៅក្នុងរដ្ឋផ្លរីដា របស់សហរដ្ឋអាមេរិក។

កូរ៉េខាងត្បូងមានគម្រោងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួន៥គ្រឿងក្នុងឆ្នាំនេះ ក្នុងគោលបំណងតាមដានដោយឯករាជ្យនូវចលនាយោធា ឬកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ផ្កាយរណបចារកម្មដំបូងត្រូវបានបាញ់បង្ហោះនៅក្នុងឆ្នាំ ២០២៣។

បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង, ផ្កាយរណបស៊ើបការណ៍ទាំង ៥គ្រឿងនេះ នឹងអនុញ្ញាតឱ្យកូរ៉េខាងត្បូងអាចតាមដានទីតាំងបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង និងទីតាំងផ្សេងទៀតរៀងរាល់ពីរម៉ោងម្តង មិនថាយប់ឬថ្ងៃ ទោះស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុណាមួយក៏ដោយ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានបញ្ជាក់ដែរថា ប្រតិបត្តិការផ្កាយរណបឈ្លបយកការណ៍ទាំង៥គ្រឿងរួមគ្នា នឹងអនុញ្ញាតឱ្យកូរ៉េខាងត្បូងរកឃើញសញ្ញានៃការបង្កហេតុរបស់កូរ៉េខាងជើងបានលឿន និងត្រឹមត្រូវជាងមុន។ ប្រព័ន្ធផ្កាយរណបទាំងនេះ ក៏នឹងជួយបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។

គួរបញ្ជាក់ថា មិនមែនតែកូរ៉េខាងត្បូងទេ កូរ៉េខាងជើងក៏បានព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មចាប់តាំងពីឆ្នាំ ២០២៣ ផងដែរ ស្ថិតក្រោមផែនការការពារជាតិរយៈពេល៥ឆ្នាំរបស់ខ្លួន ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥នេះ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner