សម្ពោធសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី វត្តព្រៃច្រាបស្ថិតក្នុងក្រុងឧត្តុង្គម៉ែជ័យ មានតម្លៃជិត ៥ម៉ឺនដុល្លារ
(ភ្នំពេញ)៖ អគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី វត្តព្រៃច្រាប ក្រោមគំនិតផ្តូចផ្តើមកសាងដោយ ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកសាងដោយ ឯកឧត្តម លី ច័ន្តតុលា និងលោកជំទាវ ឈីវ ភីរម្យ ដោយចំណាយអស់ថវិកា ចំនួន ៤៩,០៣៤.៩៦ ដុល្លារអាមេរិក ដើម្បីបម្រើដល់ការអប់រំតាមបែបព្រះពុទ្ធសាសនា ត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងបរិវេនវត្តព្រៃច្រាប សង្កាត់វាលពង់ ក្រុងឧដុង្កម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោកជំទាវ ឈីវ ភីរម្យ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារចុះមូលដ្ឋាន សង្កាត់វាលពង់ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ សិស្សានុសិស្ស លោគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ជាច្រើនរូប។

ឯកឧត្តម លី ច័ន្ទតុលា មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលអប់រំផ្នែកព្រះពុទ្ធសាសនានេះ ក៏ជាការចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សជាមួយនឹងរាជរដ្ឋាភិបាល ក្រោមការដឹកនាំពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន រយៈពេល៣០ មកហើយនិងបន្តមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម គូសបញ្ជាក់បន្ថែមថា ចេញពីការគាំទ្ររបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្រុមការងារក៏បានគិតគូរដំណើរការសាងសង់អគារនេះឡើងដោយមានការចូលរួមពីសប្បុរសជនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅក្នុងសង្កាត់វាលពង់ជាច្រើនរូប។

ឯកឧត្តម បន្ថែមដែរថា វប្បធម៌នៃការចូលរួមជួយលើកស្ទួយវិស័យអប់រំទាំងពុទ្ធចក្រនិងអាណាចក្រគឺត្រូវបានធ្វើឡើងជាបន្តបន្ទាប់មកហើយនៅក្នុងសង្កាត់វាលពង់ មិនថាតែសាលាពុទ្ធិកបឋមសិក្សានេះទេ គឺមានការកសាងហេដ្ឋារចនាសម្ព័ន្ទ ផ្លូវថ្នល់ សាលារៀន វត្តអារាមជាដើម។
ឯកឧត្តម បន្តថា ការអភិវឌ្ឍន៍រីកចំរើនទៅបាន គឺមិនអាចមានបាននោះទេបើសិនជាយើងមិនមានសុខសន្តិភាព ដែលស្វែងរកយ៉ាងលំបាកដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយថែរក្សាបន្តដោដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម លី ច័ន្ទតុលា បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបន្ថែមថា ការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះគឺមិនត្រឹមតែប៉ុណ្ណឹងទេគឺនឹងមានបបន្តទៀតឥតឈប់ឈរ ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារចុះជួយមូលដ្ឋានឃុំវាលវង់ និងនៅទូទាំងទាំងខេត្តកំពង់ស្ពឺក្រោមការចុះជួយជាប់ជាប្រចាំពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ទាំងវិស័យអប់រំ សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគជាដើម។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់សិស្សានុសិស្សក៏ដូចជាយុវជន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីពង្រឹងសមត្ថភាព ប្រែក្លាយឧបសគ្គទៅជាឱកាសនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។

ឯកឧត្តម យ៉ុន ប៊ុនណា បានឱ្យដឹងថា សាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី វត្តព្រៃច្រាប ជាសាលាពុទ្ធិកបឋមសិក្សាទី១ ដែលបានសាងសង់ឡើងនៅ ក្នុងសង្កាត់វាលពង់ អគារមាន ទំហំ ៩ម៉ែត្រគុណនឹង២៤ម៉ែត្រ មួយជាន់ មានចំនួន ៣បន្ទប់ ត្រូវសាងសង់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។
ឯកឧត្តម លី ច័ន្តតុលា និងលោកជំទាវ ឈីវ ភីរម្យ បានចែកជូន តាជី ម្នាក់ៗ ខោខ្មៅ១ និងអាវស ១ យាយជី សំពត់ខ្មៅ១ និងអាវស១ , លោកគ្រូ បុគ្គលិក មណ្ឌលសុខភាព មន្ត្រីនគរបាល ប្រជាការពារភូមិ បុគ្គលិកពេទ្យ ក្នុងម្នាក់ៗទទួលបាន ខ្សែក្រវ៉ាត់១ សម្រាប់អ្នកគ្រូបង្រៀន និងអ្នកគ្រូពេទ្យ ក្នុងម្នាក់ៗទទួលបាន កាបូប១ និងក្រម៉ា១ , យុវជនកាយរិទ្ធិ កាកបាទក្រហម ស.ស.យ.ក ទទួលបាន សម្ភារៈសិក្សា១ឈុត និងប្រជាពលរដ្ឋ ៤០០ នាក់ ក្នុងម្នាក់ៗទទួលបានក្រម៉ាចំនួន ១ និងម្ហូបកាពិផាវ ភ្ជាប់ជាមួយនិងត្រសក់ ចែកជូនដល់អ្នកចូលរួមបន្ថែមពីលើអាហារពេលព្រឹក និង ភេសជ្ជៈដែលរៀបចំឡើងជាពិសេសពីក្រុមគ្រួសាររបស់ ឯកឧត្តម និងលោកជំទាវដល់អ្នកចូលរួមផងដែរ ។
គួរបញ្ជាក់ផងដែរថា សង្កាត់វាលពង់ មានសាលារៀនឋបមសិក្សាចំនួន៩ អនុវិទ្យាល័យនិងវិទ្យាល័យចំនួន ១ និងមត្តេយ្យសហគមន៍ចំនួន១ ។ ក្នុងនោះក្រុមការងារចុះជួយមូលដ្ឋានសង្កាត់វាលពង់បានជួយកសាងសាលាបឋមសិក្សា២ខ្នងរួចមកហើយ និងបានជួយជួសជុលសាលារៀនឋមសិក្សាចំនួន២ខ្នង ចូលរួមឧបត្ថម្ភ ការធ្វើរបង ផ្លូវបេតុងចូលសាលារៀន កែលម្អបរិវេនសាលា កែលម្អបណ្តាល័យ សម្ភារៈក្មេងលេងក្នុងសាលា និងបានផ្គត់ផ្គង់ថវិកាដល់គ្រូបង្រៀនសាលាមត្តេយ្យសហគមន៍ផងដែរ៕






ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា