ចិនទិញទុរេនវៀតណាម ជិត១ពាន់លានដុល្លារ ក្នុងរយៈពេល១ខែ

ហាណូយ ៖ ចិនបានទិញទុរេនវៀតណាម ក្នុងតម្លៃជិត ១ពាន់លានដុល្លារ កាលពីខែកញ្ញា ឆ្នាំ២០២៥ កើនឡើង ៦៨% ធៀបនឹងខែសីហា និង តំណាងឲ្យ ៩៤ភាគរយ នៃការនាំចេញផ្លែឈើសរុបប្រចាំខែ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា។

ប្រភពបន្តថា នេះគឺជាខែទីបី ជាប់ៗគ្នា ដែលចិនបានបង្កើន ការទិញទុរេនវៀតណាម យ៉ាងខ្លាំង បន្ទាប់ពីមានការធ្លាក់ចុះ ដោយសារការរឹតបន្តឹង ការត្រួតពិនិត្យគុណភាព នេះបើតាមគយវៀតណាម។

ក្នុងរយៈពេល ៩ខែដំបូង ប្រទេសចិនបានរក្សាជំហររបស់ខ្លួន ជាអ្នកនាំចូលទុរេនវៀតណាម ដ៏លេចធ្លោ ដោយទិញ ក្នុងតម្លៃ ២.៥៩ពាន់លានដុល្លារ នៃ ចំនួនតម្លៃ សរុប ២.៨ពាន់លានដុល្លារ។

លោក Dang Phuc Nguyen អគ្គលេខាធិការ នៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បានមានប្រសាសន៍ថា បន្ទាប់ពីមួយឆ្នាំ នៃ ការរីកចម្រើនយ៉ាងខ្លាំង ផ្លែទុរេនវៀតណាម បានឈានចូលដំណាក់កាល នៃ ការប្រកួតប្រជែងគុណភាព និងស្តង់ដារ កំពុងមានដំណើរការ។

យ៉ាងណា សកម្មភាពនាំចេញ នៅតែប្រឈមនឹងហានិភ័យ ដោយសារមន្ទីរពិសោធន៍ធ្វើតេស្តគុណភាពក្នុងស្រុកមួយចំនួនបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន សម្រាប់ការថែទាំ នាំឲ្យរំខានដល់ការយកគំរូ និងការបញ្ជាក់ពីគុណភាព សម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសចិន។ តែ រដ្ឋាភិបាលបានណែនាំដល់ស្ថាប័នពាក់ព័ន្ធ ឱ្យបញ្ជាក់ពីមូលហេតុ ពន្លឿនការផ្តល់អាជ្ញាប័ណ្ណ និងពង្រឹងការត្រួតពិនិត្យដើម្បីស្ដារសមត្ថភាពធ្វើតេស្ត និងទប់ស្កាត់ការធ្លាក់ចុះការនាំចេញទំនិញ ប្រភេទនេះ។ បច្ចុប្បន្ន វៀតណាមមានបន្ទប់ពិសោធន៍ចំនួន ២៤ ដែលត្រូវបានអនុម័តដោយប្រទេសចិន ដែលមានសមត្ថភាពតេស្តទុរេន ប្រហែល ៣,២០០ សំណាក ក្នុងមួយថ្ងៃ។

ក្រៅពីចិន ទុរេនរបស់វៀតណាម ក៏បានចាប់ផ្តើមពង្រីកការនាំចេញ ទៅកាន់ទីផ្សារថ្មី មួយចំនួន ដូចជា ហុងកុង និង តៃវ៉ាន់ ដែលតែសុទ្ធកើនឡើងយ៉ាងខ្លាំង។ ក្រៅពីនេះ ក៏បង្កើនការនាំចេញទៅអាមេរិក ប៉ាពួញូហ្គីណេ និង ម៉ាឡេស៊ី ដែរ។ ផ្ទុយទៅវិញ ការនាំចេញ ទៅកាន់ប្រទេសថៃ បានធ្លាក់ចុះ ៧៥%៕

ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner