កឋិនទានមហាសាមគ្គីនៅបឹងទន្លេសាបផ្តោតសំខាន់លើការស្ថាបនាផ្លូវខូចនៅតំបន់ទឹកដក់ចុងឃ្នៀស
សៀមរាប៖ វត្តសុវណ្ណសាគរ ហៅវត្តកោះខ្សាច់ ស្ថិតនៅមាត់បឹងទន្លេសាបនៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាបបានទទួលបានកឋិនទានមហាសាមគ្គីជាមួយបច្ច័យជាង ៥៦ លានរៀល កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ អង្គកឋិនទាននេះរៀបចំឡើងដោយការមូលមតិគ្នាជាឯកច្ឆន្ទពីសំណាក់គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ។

ព្រះគ្រូបញ្ញាវិសុទ្ធីរង្សី អក្កធម្មោ ម៉ៃ ភីរុណ ព្រះចៅអធិការវត្តកោះខ្សាច់ មានសង្ឃដីការក្រោយបញ្ចប់ពិធីថា ថវិកាបរិវារកឋិនទានសរុបជាង ៥៦លានរៀលនេះ នឹងត្រូវបែងចែកមួយចំនួនតូចសម្រាប់ផ្គត់ផ្គង់ចតុបច្ច័យ និងចង្ហាន់ប្រចាំថ្ងៃព្រះសង្ឃ។ ចំណែកឯ ថវិកាភាគច្រើន នឹងត្រូវយកទៅប្រើប្រាស់ក្នុងការជួសជុលផ្លូវបេតុង ដែលមានប្រវែងជាង៣ គីឡូម៉ែត្រមចាប់ពីចំណុចកន្ធាយគម រហូតដល់វត្ត។ ផ្លូវបេតុងនេះ បានសាងសង់យូរឆ្នាំមកហើយ ហើយបានរងការ ស្រុត និងខូចខាតជាច្រើនកន្លែង ជាពិសេសដោយសារតំបន់នេះស្ថិតនៅជាប់នឹងបឹងទន្លេសាប ហើយមានទឹកដក់យូរខែទម្រាំដល់រដូវសម្រកទៅវិញ។
ព្រះតេជគុណ ម៉ៃ ភីរុណ ក៏បានឆ្លៀតឱកាសអំពាវនាវដល់សប្បុរសជនជិតឆ្ងាយទាំងអស់ សូមមេត្តាជួយបរិច្ចាគធនធាន ថវិកា ឬសម្ភារៈទៅតាមលទ្ធភាព ដើម្បីឱ្យផ្លូវនេះអាចជួសជុលបានល្អឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់ញាតិញោមក្នុងការទៅបំពេញបុណ្យ និងប្រកបមុខរបរផ្សេងៗ៕







ដោយ :ប៊ុន រដ្ឋា