លោក ត្រាំ ចោទរុស្ស៊ី និងចិន ថាបានសាកល្បងអាវុធនុយក្លេអ៊ែរដោយសម្ងាត់, ចិនប្រកាសច្រានចោល
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ថា ប្រទេស រុស្ស៊ី, ចិន និងប្រទេសមួយចំនួនទៀត បានសាកល្បងនុយក្លេអ៊ែរ នៅក្រោមដី មិនឱ្យគេដឹង ជាសាធារណៈ។ មេដឹកនាំ វ័យ៧៩ឆ្នាំ រូបនេះ បានអះអាង ថា សហរដ្ឋអាមេរិក នឹងធ្វើតាមក្រោយ។ យ៉ាងណា ក្រោយមក ចិនបានប្រកាសច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់នេះ។
យោងតាមការចេញផ្សាយរបស់ AFP, លោក Trump បានប្រាប់កម្មវិធី «60 Minutes» របស់ទីភ្នាក់ងារព័ត៌មាន CBS នៅក្នុងបទសម្ភាសន៍មួយថា « រុស្ស៊ី ចិន បានតេស្តរួចហើយ តែមិននិយាយ ហើយក្រៅពីនេះ ក៏មានកូរ៉េខាងជើង និង ប៉ាគីស្ថានដែរ»។
នៅពេលសួរដោយផ្ទាល់ថា តើលោកមានគម្រោងឱ្យសហរដ្ឋអាមេរិក បំផ្ទុះអាវុធនុយក្លេអ៊ែរ ជាលើកដំបូង ក្នុងរយៈពេលជាង ៣ទស្សវត្សរ៍ ឬ យ៉ាងណានោះ លោក Trump បានប្រាប់ CBS ថា «យើងនឹងសាកល្បងអាវុធនុយក្លេអ៊ែរ ដូចប្រទេសដទៃទៀតដែរ»។
សេចក្តីប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីរុស្ស៊ី បាននិយាយថា ខ្លួនបានសាកល្បងកាំជ្រួច Cruise ដើរដោយថាមពលនុយក្លេអ៊ែរ ថ្មី Burevestnik និង ដ្រូនបើកក្រោមទឹក ដែលដើរដោយថាមពលនុយក្លេអ៊ែរ។
យ៉ាងណា កាលពីថ្ងៃចន្ទ ប្រទេសចិនបានបដិសេធការសាកល្បងអាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា «ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍន៍ដោយសន្តិវិធី បន្តគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរជាលើកដំបូង ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រនុយក្លេអ៊ែរការពារខ្លួន និងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្អាកការសាកល្បងនុយក្លេអ៊ែរ»។
គួរកត់សម្គាល់ថា កូរ៉េខាងជើង តែមួយគត់ ដែលត្រូវបានដឹងជាសាធារណៈថា ជាប្រទេសដែលបានបំផ្ទុះអាវុធនុយក្លេអ៊ែរ អស់ជាច្រើនទសវត្សរ៍ មកហើយ។ រីឯ រុស្ស៊ី មិនបានធ្វើតេស្ត អាវុធប្រភេទនេះ តាំងពីឆ្នាំ១៩៩០ ហើយ ចិនក៏មិនបានសាកល្បង អាវុធបរិមាណូ តាំងពីឆ្នាំ១៩៩៦។
ចាប់តាំងពីឆ្នាំ១៩៩៦ សហរដ្ឋអាមេរិកបានក្លាយជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ ទូលំទូលាយ ដែលហាមឃាត់ រាល់ការផ្ទុះសាកល្បងបរមាណូ មិនថាសម្រាប់គោលបំណងយោធា ឬ ស៊ីវិលក៏ដោយ។
ប៉ុន្តែ នៅមុនពេលជួបមេដឹកនាំចិន នៅកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន លោក ដូណាល់ ត្រាំ បានប្រកាសឲ្យក្រសួងសង្គ្រាមអាមេរិក ត្រៀមធ្វើតេស្តអាវុធបិរមាណូ ឡើងវិញ។ តែក្រោយមក លោកថា អាមេរិកនឹងធ្វើ បើមានប្រទេសណាមួយធ្វើមុន។
យ៉ាងណា កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា លោក Chris Wright មន្ត្រីជំនិតរបស់លោក Trump ទទួលបន្ទុកកិច្ចការថាមពល បានបដិសេធ ពីរឿងដែលថា សហរដ្ឋអាមេរិកកំពុងមានគម្រោងរៀបចំ ការបំផ្ទុះអាវុធបរិមាណ។ លោកបានបា្រប់ Fox News ថា ការត្រៀមសាកល្បង នៅពេលនេះ គឺជាការធ្វើតេស្តប្រព័ន្ធ តែប៉ុណ្ណោះ មិនមែនជាការផ្ទុះនុយក្លេអ៊ែរ នោះទេ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត