UN ព្រមានថា តំបន់ Gaza ប្រថុយនឹងអស់ក្មេងបន្តវេន ព្រោះមិនបានរៀនសូត្រ

ហ្គាហ្សា ៖ នៅតំបន់ហ្គាហ្សា ប្រព័ន្ធអប់រំ ដែលត្រូវបានបំផ្លិចបំផ្លាញ ធ្វើឱ្យកុមារស្ទើរតែទាំងអស់មិនមានការសិក្សាជាផ្លូវការ រយៈពេលបីឆ្នាំ ជាប់ៗគ្នា ដែលបង្កឱ្យមានការភ័យខ្លាច នៃ ការអស់ក្មេងបន្តជំនាន់ នេះបើតាមការព្រមាន របស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA លោក Edouard Beigbeder នាយកប្រចាំតំបន់របស់អង្គការ UNICEF ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង បានប្រាប់ថា «នេះគឺជាឆ្នាំទីបីហើយ ដែលមិនមានសាលារៀន…ប្រសិនបើយើងមិនចាប់ផ្តើមការផ្លាស់ប្តូរ ពិតប្រាកដ សម្រាប់កុមារទាំងអស់ នៅក្នុងខែកុម្ភៈ ឆ្នាំក្រោយ យើងនឹងឈានចូលឆ្នាំ ទីបួន…ហើយបន្ទាប់មក យើងអាចនិយាយ អំពីជំនាន់ដែលបាត់បង់»។

លោក Beigbeder បានអះអាងថា សាលារៀន ៨៥ភាគរយ ត្រូវបានបំផ្លាញ ឬ មិនអាចប្រើប្រាស់បាន បន្ទាប់ពីសង្រ្គាមពីរឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោកបន្តថា បទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីដើមខែនេះ បានអនុញ្ញាតឱ្យ UNICEF និងក្រុមដៃគូ បានជួយឲ្យកុមារ ប្រហែល ១ភាគ៦ ដែលគ្រប់អាយុចូលរៀន បានសិក្សា នៅក្នុង “មជ្ឈមណ្ឌលសិក្សា” បណ្តោះអាសន្ន។ តែ លោក Beigbeder អះអាងថា ពួកគេត្រូវការចាយពេលច្រើន ឆ្ងាយ ជាងកុមារ ដែលទទួលបានការអប់រំផ្លូវការ ដូចជា ការរៀនអាន គណិតវិទ្យា និងការសរសេរ។ មជ្ឈមណ្ឌលជាច្រើនគឺជាតង់ ឬ រចនាសម្ព័ន្ធដែក គ្របដណ្ដប់ដោយបន្ទះផ្លាស្ទិក ដោយមានក្មេងៗ អង្គុយលើកន្ទេល។

លោក Beigbeder បានសង្កត់ធ្ងន់ថា ការកសាងសាលារៀនឡើងវិញ នៅហ្គាហ្សា និងការស្តារការអប់រំឡើងវិញ ត្រូវតែជាបៀបវារៈកំពូល ដើម្បីស្ដារឡើងវិញ នូវស្ថិរភាពសង្គម។ លោកបាននិយាយថា កុមារស្ទើរតែទាំងអស់ នៅហ្សាហ្សា មានរបួស ហើយ បើគ្មានការអប់រំទេ ពួកគេនឹងគ្មានអនាគត។

យ៉ាងណា បទឈប់បាញ់ដ៏ផុយស្រួយ នាំឲ្យមានការខ្វះខាតជំនួយ ចូលទៅដល់គ្រប់គ្រាន់។ អង្គការសុខភាពពិភពលោកបាននិយាយ កាលពីសប្តាហ៍មុនថា មានការប្រសើរឡើងតិចតួច” នៅក្នុងលំហូរ នៃជំនួយ ចាប់តាំងពីបទឈប់បាញ់ បានចាប់ផ្តើម។

UNICEF បាននិយាយថា ការរឹតបន្តឹងព្រំដែន កំពុងរារាំងការចូល នៃសម្ភារៈសិក្សា ដូចជា សៀវភៅ និងក្តារខៀន ដែលអ៊ីស្រាអែល ចាត់ទុកថា មិនសំខាន់។

ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ UNRWA បានចាប់ផ្តើម “ឆ្នាំសិក្សាថ្មី តាមប្រព័ន្ធអេឡិចត្រូនិក” កាលពីថ្ងៃទី ១៨ ខែតុលា សម្រាប់សិស្សប្រហែល ២៩ម៉ឺននាក់ ទោះបីជាលទ្ធភាព នៅមានកម្រិតក៏ដោយ។

តែ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចោទប្រកាន់ UNRWA ថាជា “សាខាក្រុមហាម៉ាស” ហើយបាននិយាយថា ទីភ្នាក់ងារនេះ នឹងមិនដើរតួនាទី នៅក្នុង Gaza ក្រោយសង្គ្រាម នោះទេ។

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner