វៀតណាមនឹងបង្កើតមុខវិជ្ជាជាភាសាអង់គ្លេស ចាប់ពីថ្នាក់ទី១
ហាណូយ ៖ ប្រទេស វៀតណាម នឹងធ្វើឱ្យភាសាអង់គ្លេស ក្លាយជាមុខវិជ្ជាផ្លូវការចាប់ផ្តើមពីថ្នាក់ទី១ ក្រោមផែនការអប់រំជាតិ ថ្មី ដែលមានគោលបំណង ប្រែក្លាយ ភាសាបរទេស មួយនេះ ទៅជាភាសាទីពីរ របស់ជាតិ នៅឆ្នាំ២០៤៥។
ទីភ្នាក់ងារព័ត៌មាន Tuoitre News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា
ផែនការថ្មី ដែលត្រូវបានអនុម័ត ដោយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងសប្តាហ៍នេះ នឹងចាប់ដំណើរការ ពីឆ្នាំ២០២៥នេះ រហូតដល់ឆ្នាំ២០៤៥ ជាបីដំណាក់កាល និង គ្របដណ្តប់គ្រប់កម្រិត នៃ ការអប់រំ ចាប់ពីមត្តេយ្យសិក្សា រហូតដល់សកលវិទ្យាល័យ។ ក្រសួងអប់រំបាននិយាយថា ផែនការនេះ មានគោលបំណងធ្វើឱ្យភាសាអង់គ្លេស ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការបង្រៀន ការគ្រប់គ្រង និងការទំនាក់ទំនងប្រចាំថ្ងៃ នៅក្នុងសាលារៀន។
តាមគម្រោង នៅឆ្នាំ២០៣០ សាលាបឋមសិក្សាទាំងអស់ នៅទូទាំងប្រទេស ត្រូវបានគេរំពឹងថា នឹងមានបង្រៀនភាសាអង់គ្លេស ចាប់ពីថ្នាក់ទី១ ខណៈដែល បច្ចុប្បន្ន មានចាប់ពីថ្នាក់ទី៣។
ផែនការនេះ ក៏នឹងពង្រីកការបង្រៀនភាសាអង់គ្លេស នៅតាមសាកលវិទ្យាល័យ និងស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។
ក្រសួងអប់រំបានប៉ាន់ប្រមាណថា កម្មវិធីនេះនឹងគ្របដណ្តប់ដល់ សាលារៀនប្រហែល ៥ម៉ឺនកន្លែង និង សិស្សជិត៣០លាននាក់ នៅទូទាំងប្រទេស។ ប្រភពបាននិយាយថា គ្រូបង្រៀនភាសាអង់គ្លេសបន្ថែម ប្រហែល ២២,០០០នាក់ នឹងត្រូវការ សម្រាប់សាលាមត្តេយ្យសិក្សា និង សាលាបឋមសិក្សា រួមជាមួយនឹងការបណ្តុះបណ្តាល សម្រាប់គ្រូបង្រៀននៅសាលា យ៉ាងហោចណាស់ ២០ម៉ឺននាក់ ដូច្នេះ ពួកគេអាចបង្រៀនមុខវិជ្ជារបស់ខ្លួន ជាភាសាអង់គ្លេស នៅឆ្នាំ២០៣៥ ។
សម្រាប់វៀតណាម អង់គ្លេសគឺជាភាសាបរទេស ដែលត្រូវបានសិក្សា យ៉ាងទូលំទូលាយបំផុត ដោយសង្ឃឹមថា ការផ្លាស់ប្តូរនេះ នឹងពង្រឹងកម្លាំងការងាររបស់ខ្លួន សម្រាប់សមាហរណកម្មពិភពលោក និងគាំទ្រការប្រកួតប្រជែងសេដ្ឋកិច្ច រយៈពេលវែង៕
ប្រភពពី Tuoitre News ប្រែសម្រួល៖ សារ៉ាត