មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញសាធារណជនឳ្យចូលរួមរក្សាភាពស្អាត និងអនាម័យបរិស្ថានក្នុងខេត្តកែប

កែប៖ “ភាពស្អាត បៃតង និងចីរភាព” គឺជាយុទ្ធសាស្ត្រសំខាន់មួយរបស់ក្រសួងបរិស្ថាន ដែលមានគោលបំណងលើកកម្ពស់ការគាំពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ ។នេះជាការបញ្ជាក់របស់ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងពិធីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ និងបើកយុទ្ធនាការ “សម្អាតអនាម័យបរិស្ថាន ព្រមទាំងចែកធុងសំរាម” កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលាខេត្តកែប ។ពិធីនេះក៏បានការចូលរួមពីលោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្តីទី ផងដែរ។

ឯកឧត្តម សាបូ អូហ្សាណូ បានបន្តថា ភាពស្អាតរបស់បរិស្ថានមិនមែន ជាការទទួលខុសត្រូវរបស់មនុស្សតែម្នាក់ឬអង្គភាពតែមួយទេ ប៉ុន្តែវាជាការចាប់ផ្តើមពីយើងទាំងអស់គ្នា ហើយ ប្រសិនបើយើងម្នាក់ៗចាប់ផ្តើមពីការរក្សាអនាម័យតូចៗក្នុងជីវិតប្រចាំថ្ងៃ នោះកែបនឹងក្លាយជាទីក្រុងស្អាត និងបៃតងជារៀងរហូត។”

លោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្តីទីមានប្រសាសន៍ដែរថា ខេត្តកែបជាខេត្តទេសចរណ៍មួយក្នុងចំណោមរាជធានីខេត្តទាំង២៥ គឺជាខេត្តទទួលបានផ្ការំដួល៣ទង ។
ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថានបានប្រគល់ធុងសំរាមចំនួន ១៥៤ ធុង ដល់សាលារៀន វត្តអារាម មន្ទីរពេទ្យ បណ្ឌលសុខភាព សាលាឃុំ សង្កាត់ទូទាំងខេត្ត ដើម្បីជួយគ្រប់គ្រងសំណល់ និងជំរុញឲ្យសាធារណជនប្តូរទម្លាប់រស់នៅឲ្យកាន់តែល្អរប្រសើរថែមទៀត។

គួររំលឹកថា ខេត្តកែបគឺជាខេត្តទី៤ ក្នុងចំណោមខេត្តចំនួន៦ ដែលក្រសួងបរិស្ថានបានអនុវត្តយុទ្ធនាការ “សម្អាតអនាម័យបរិស្ថាន និងចែកធុងសំរាម” ក្នុងឆ្នាំ២០២៥ នេះ៕

ដោយៈ សិលា សារិន

ads banner