គ្រួសារអតីតយុទ្ធជនពលីដោយសារសង្គ្រាមនៅស្រុកប្រាសាទបល្ល័ង្កបានទទួលផ្ទះថ្មី ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តកំពង់ធំ និងលោក វណ្ណៈ សោភានិត អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញប្រគល់ផ្ទះថ្មី មួយខ្នងជូនគ្រូសារអតីតយុទ្ធជនពលី ដែលកន្លងមកមានដី តែមានជម្រករស់នៅមិនសមរម្យ នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ស្រ្តីឈ្មោះ គល់ វួន អាយុ ៦៦ ឆ្នាំ មានកូន និងចៅចំនួន ៥នាក់ នៅក្នុងបន្ទុក បានឳ្យដឹងថា ស្វាមីលោកស្រីឈ្មោះ រិទ្ធ រឿន ចូលបម្រើការនៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានពលីនៅក្នុងសមរភូមិនិពេជ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។បច្ចុប្បន្នរស់នៅផ្ទះតូចចង្អៀត ដោយប្រកបរបរលក់ឱសថបុរាណបន្តិចបន្តួច ។រីឯកូនស៊ីឈ្នួលនៅខេត្តព្រះវិហារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។

លោក វណ្ណៈ សោភានិត បានអគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដល់ផ្ទះមួយខ្នងជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជីវភាពលំបាកខ្វះខាត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថាផ្ទះថ្មីមានទំហំ ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផង។

ជាមួយនឹងការប្រគល់ផ្ទះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតក្នុងឱកាសទទួលបានផ្ទះថ្មី៕


ដោយៈ ប៊ុន រដ្ឋា

ads banner