មនុស្សជាង១៥ម៉ឺននាក់ បានមកកម្សាន្តនៅខេត្តកែប​ក្នុងឱកាស​បុណ្យអុំទូកបីថ្ងៃ​

កែប៖នៅខេត្តកែបផ្អែកតាមតួលេខបឋមក្នុងឱកាសឈប់សម្រាក​នៃព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ​ ដោយ​គិត​ចាប់ពីថ្ងៃទី៤​ ដល់ទី៦​ ខែវិច្ឆិកា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ១៥៥.៤៥៨នាក់ ក្នុងនោះទេសចរ​បរទេសចំនួន ៤១២នាក់​ បាន​មកកម្សាន្តនៅខេត្តឆ្នេរសមុទ្រមួយនេះ។ចំនួននេះ​បានបង្ហាញឱ្យ​ឃើញ​​នូវការ កើនឡើង​៥៦.៥៨ភាគរយបើធៀបនឹងរយៈពេល​ដូចគ្នានាឆ្នាំ២០២៤។

ជាមួយនឹងវត្តមានគួរជាទីមោទនៈ លោក ប៉ុក ទាំង ប្រធានមន្ទីរ​ទេស​ចរណ៍ខេត្តកែបបានបញ្ជាក់ថាបន្ថែមថា ស្ថានភាព​ទូទៅនៃសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យនៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តកែប​នៅតែមានរក្សាបាន​នូវភាព​ល្អ​ប្រសើរ។

ជាការកត់សម្គាល់ ក្នុងឱកាសឈប់សម្រាកនាពិធីបុណ្យជាតិនេះ រដ្ឋបាលខេត្តកែបបានបន្តយកចិត្តទុកដាក់ លើការ​គ្រប់គ្រង និង​តាមដានស្ថានភាពទេសចរណ៍ប្រចាំថ្ងៃ ដើម្បីធានាថាខេត្តកែបនៅ​តែជា​គោលដៅ​ទេសចរណ៍​ដ៏មាន​សុវត្ថិភាព ស្អាត​ សណ្តាប់ធ្នាប់ល្អ និងគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ៕
ដោយ៖សិលា សារិន

ads banner