រាត្រីសំពះព្រះខែ អកអំបុកនាប្រាសាទមាស នៅខេត្តកំពត
កំពត៖រាត្រីថ្ងៃពុធ១៥កើត ខែកក្តិក ត្រូវនឹងទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជារាត្រីនៃពិធីសំពះព្រះខែ អកអំបុក នៅប្រាសាទមាស លោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ពោរពេញទៅថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងកុះករបានមកជួបជុំគ្នាដើម្បីប្រារព្ធពិធីដ៏មង្គលនេះ។ស្នាមញញឹមដែលកើតចេញពីទឹកចិត្តបរិសុទ្ធក្រោមម្លប់សន្តិភាពបានបង្ហាញឡើងលើរង្វង់មុខនៃអ្នកចូលរួម។
ជាសំណួរដែលលើកឡើងតើហេតុអ្វីបានជារដ្ឋបាលខេត្តកំពតជ្រើសរើសប្រាសាទមាសធ្វើជាទីប្រារព្ធពិធីសំពះព្រះខែ?មិនជ្រើសយកទីកន្លែងនៅក្នុងក្រុងកំពតដែលកុះករទៅដោយទេសចរ?
លោកអាចារ្យដែលរៀបចំកម្មវិធីនេះបានបញ្ជាក់ថា ក្រោមគំនិតនិតផ្តួចផ្តើមប្រកបដោយការច្នៃប្រឌិតខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយមានការឯកភាពពីឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តកំពតឆ្នាំនេះបានសម្រេចជ្រើសរើសយកទីតាំងប្រាសាទមាសលោកជំទាវម៉ៅ ធ្វើជាកន្លែងប្រារព្ធពិធី គឺដើម្បីផ្សារភ្ជាប់រវាងការថែរក្សាទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី និងការរួមសាមគ្គីគ្នាដើម្បីលើកស្ទួយវិស័យទេសចរណ៍ខេត្ត។
លោកបន្ថែមថា ពិធីសំពះព្រះខែអកអំបុកគឺដើម្បីរំលឹកនឹកគុណព្រះពោធិសត្វនៅក្នុងកាលដែលព្រះអង្គមានជាតិកំណើតជាសត្វទន្សាយ ដើម្បីសន្សំបារមីផង និងដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ជូនដល់ប្រមុខថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផង។ ជាពិសេសចង់បង្ហាញទេសភាព និងបរិយាកាសដ៏សែនមនោរម្យនៅប្រាសាទមាសលោកជំទាវម៉ៅជូនភ្ញៀវទេសចរជិតឆ្ងាយ ។
សូមជម្រាបជូនថា តួលេខបឋម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេលពីរថ្ងៃ(ថ្ងៃទី៤និងទី៥ ខែវិច្ឆិកា)ខេត្តកំពតទទួលភ្ញៀវទេសចរជាង ១៣ម៉ឺននាក់ ខណៈសេវាកម្មកន្លែងស្នាក់នៅគឺពេញទាំងអស់៕
ដោយ៖ សិលា សារិន














